
រាជធានីភ្នំពេញ៖ ហូលពិតានចំនួន៤០ផ្ទាំង ត្រូវបានក្រុមអង្គការគាំពារកុមារខ្មែរ (Caring for young khmer) របស់ជប៉ុន ដឹកនាំដោយលោកស្រី ហារូមិ សេគីគូជី Harumi Sekiguchi នាំយកមកប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌនៅសារមន្ទីរជាតិកម្ពុជា ដែលធានាបាននូវការអភិរក្ស នៃមរតកតម្បាញសូត្រខ្មែរ...។

នេះជាលើកទី៣ហើយដែល លោកស្រី ហារូមិ សេគីគូជី ប្រគល់ហូលពិតានខ្មែរមកកាន់ក្រសួងវប្បធម៌ ខណៈលើកទី១ និងលើកទី២ ធ្វើឡើងកាលពីកំលុងឆ្នាំ២០១៤ សរុបទាំង៣លើកមានចំនួន៦៥ផ្ទាំង។ ពិធីប្រគល់ និងទទួលហូលពិតានចំនួន៤០ផ្ទាំងនេះ ធ្វើឡើងកាលពីថ្ងៃទី០៤កុម្ភៈ ឆ្នាំ២០២៥ ក្រោមធិបតីភាពរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ៊ូអ៊ីណុ អាត់ស៊ូស៊ី UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ សមុច្ច័យទាំង៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ ដែលបានឆ្លុះបញ្ចាំងពីភាពសម្បូរបែប នៃការបន្តមរតកបេតិកភណ្ឌអរូបីលើវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមក។

ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្រ បានរំលេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេស ផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។ ក្រសួងបានបញ្ជាក់ពីគោលបំណងចម្បងនៃការប្រគល់នេះថា«ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯកនៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុមការងារក៏ចង់ផ្តល់លទ្ធភាព និងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់ឈ្វេងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ»។

គួរជម្រាបថា ហូលពិតាន ជាហូលមានលក្ខណៈពិសេសជាងហូលដទៃទៀត និងជាសិល្បៈតម្បាញខ្មែរតាំងពីបុរាណកាលមក ដោយគេប្រើសម្រាប់ការដាក់តាំងលម្អ និងគោរពបូជា នៅតាមទីសក្ការក្នុងអត្ថន័យសាសនា ដោយសិល្បៈលើក្រណាត់ហូលពិតាន ត្បាញរំលេចចេញអំពីរឿងទេវកថា ឬពុទ្ធប្រវត្ថិ ឬក៏ទសជាតក ឬក៏រឿងរ៉ាវជំនឿផ្សេងៗក្នុងសង្គមខ្មែរ។ មិនមែនតែហូលពិតាន ទេ ក្រសួងវប្បធម៌ និងសារមន្ទីរជាតិកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា សាធារណជន នឹងពិនិត្យលទ្ធភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចក្រុមការងារអង្គការជប៉ុន បានធ្វើនាពេលនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វែងយល់មរតកអរូបីដែលដូនតាខ្មែរបានបន្សល់ទុក៕


