ក្រសួងវប្បធម៌ នឹងកោះហៅអ្នកផលិតបទចម្រៀងអសុរោះទៅអប់រំ
អុន សម្ផស្ស
31 មករា 2025 05:23 AM

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តាមរយៈនាយកដ្ឋានភាពយន្ត ដែលជាសេនាធិការរបស់ខ្លួន នឹងកោះហៅអ្នកផលិតបទចម្រៀងណាដែលប្រើប្រាស់ពាក្យអសុរោះ និងកាយវិការមិនសមរម្យមកអប់រំណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយ។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងវប្បធម៌..។

រូបភាពតំណាង
រូបភាពតំណាង

លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ថ្លែងប្រាប់ SBM News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា រាល់បទចម្រៀងទាំងហ្លាយណាដែលផលិតឡើងដោយប្រើពាក្យពេចន៍មិនល្អ ហើយត្រូវបានមហាជនរិះគន់ក្នុងន័យស្ថាបនា ក្រសួងនឹងពិនិត្យមើល ហើយស្នើឱ្យឈប់ការផ្សព្វផ្សាយ។ លោកគូសបញ្ជាក់ថា៖«[..]គ្រប់ទម្រង់[បទចម្រៀង]ទាំងអស់ ដែលចេញទៅមានលក្ខណៈអសុរោះ ហើយយើងក៏ទទួលបាននូវមតិស្ថាបនាពីបណ្តាញសង្គម[..]យើងក៏នឹងហៅមកពន្យល់ ហើយនឹងស្នើសុំឱ្យមានការដកចេញ[..]»

លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

បន្ថែមពីនោះ លោកថា ចំពោះបទចំរៀង«ថីអ្ហែងថី»របស់លោក ងួន ចាន់ដេវីដ ក៏ទទួលបានការរិគន់តាមបណ្តាញសង្គម ថាជាទម្រង់មិនគួរ នាយកដ្ឋានភាពយន្ត និងមានចំណាត់ការដោះស្រាយ។ តែយ៉ាងណា ចំពោះកិច្ចការទម្លាក់មិនឱ្យផ្សាយឬយ៉ាងណា ក្រសួងទុកជូននាយកដ្ឋានជួបគ្នាដោះស្រាយ ហើយស្នើសុំទៅម្ចាស់បទ។ «ជាការជជែកគ្នា មិនជាមានវិធានការអីធំដុំនោះទេ ព្រោះសុទ្ធតែជាវិស័ឯកជនដែលចូលរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីនាំពាក្យពាក់ព័ន្ធនឹងបទចម្រៀងរបស់លោក ងួន ចាន់ដេវីដ ដែលទើបផ្សព្វផ្សាយកាលពីថ្ងៃទី២៧មករាកន្លងទៅ។

ទន្ទឹមគ្នានោះ លោក ស៊ុំ ម៉ាប់ ពន្យល់ថា រាល់ការកោះហៅសិល្បករ-សិល្បការិនី មកអប់រំ គឺមិនសំដៅលើផលិតកម្មណាមួយនោះទេ ឱ្យតែធ្វើខុស ក្រសួងតែងតែហៅមកណែនាំ។ ជាក់ស្តែង លោកថា កន្លងទៅក្រសួងបានធ្វើកិច្ចការនេះជាប់ជាប្រចាំ និងជាញឹកញាប់ ជាមួយសិល្បករ-សិល្បការិនី មិនថាតែលើអត្ថន័យចម្រៀងនោះទេ គឺរួមបញ្ចូលទាំងកាយវិការ និងសម្លៀកបំពាក់ផងដែរ។ ការធ្វើដូច្នេះក្នុងគោលដៅរក្សាឱ្យបាននៅអត្តសញ្ញាណជាតិ ទំនៀមទម្លាប់ និងសេចក្តីថ្លៃថ្នូក្នុងសង្គម ក្នុងនាមជាប្រជាជនខ្មែរត្រូវតែប្រកាន់ខ្ជាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត