ប្រមុខទូតកម្ពុជា ពិភាក្សាជាមួយមន្ត្រីអាម៉េរិកលើបញ្ហាជម្លោះព្រំដែន ថៃឈ្លានពាន
អុន សម្ផស្ស
13 ឧសភា 2026 11:45 AM

រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ឧសភាម្សិលមិញ បានសន្ទនាតាមទូរសព្ទជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិក ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ...។

ក្នុងកិច្ចសន្ទនារវាងលោកស្រី អាលីស៊ុន ហ៊ូគើរ (Allison Hooker) អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការនយោបាយ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភាគីទាំងពីរ បានពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ កម្ពុជា-អាម៉េរិក ស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងនូវការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

ក្នុងកិច្ចសន្ទនាដដែល មេដឹកនាំកម្ពុជា បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់ពេញលេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រមុខការទូតកម្ពុជា គូសបញ្ជាក់បន្ថែមអំពីសារសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត