កម្ពុជា-អាម៉េរិក ចុះអនុស្សរណៈតម្លៃ៣៦លានដុល្លារ ពង្រឹងប្រព័ន្ធសុខាភិបាល
S
Soriya Sou
3 ម៉ោងមុន


រាជធានីភ្នំពេញ៖ មន្ត្រីសហរដ្ឋអាម៉េរិក និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល៥ឆ្នាំ មានតម្លៃជាទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារ ដើម្បីសហការគ្នាជួយកម្ពុជា សម្រេចបាននូវនិរន្តរភាពរយៈពេលវែងនៅក្នុងវិស័យសុខាភិបាល...។

លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

អនុស្សរណៈនេះ ចុះហត្ថលេខាដោយលោកស្រី ប្រ៊ីដហ្គេតតេ វ៉កគើ (Bridgette Walker) ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក និងលោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែត្រូបានផ្សព្វផ្សាយនៅថ្ងៃទី៧មេសា។ ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ផ្តល់ជំនួយជាង៣០លានដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តបង្កើនការចំណាយជាង៥លានដុល្លារបន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងវិស័យសុខាភិបាល។ ​​​​តាមរយៈអនុស្សរណៈខាងលើ សហរដ្ឋអាម៉េរិកនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លុបបំបាត់ជំងឺគ្រុនចាញ់ បញ្ចប់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ កាត់បន្ថយអត្រាកើតជំងឺរបេង, អត្រាមរណភាព និងធានាការរកឃើញ ឆ្លើយតបទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃជំងឺឆ្លង។

លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លោកស្រី ប្រ៊ីដហ្គេតតេ វ៉កគើ ភារធារីស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ពីសារសំខាន់នៃអនុស្សរណៈនេះ ដោយកត់សម្គាល់ថា ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាង៣០ឆ្នាំ រវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ លោកស្រីអះអាងថា សហរដ្ឋអាម៉េរិកមានមោទកភាពក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនសម្រាប់ការគំរាមកំហែង ដែលកំពុងកើតឡើងនាពេលអនាគត។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល 
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល 

លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ លោកអះអាងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការការពារ និងជំរុញផលប្រយោជន៍សុខភាពរួមគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត