អង់គ្លេសត្រៀមបញ្ជូនដ្រូនបោសសម្អាតមីន យន្តហោះ និងនាវាចម្បាំង ទៅចូលរួមបេសកកម្មបើកច្រកសមុទ្ទហ័រមូស្ស
ហៀប ស៊ីថេត
13 ឧសភា 2026 11:30 AM

រាជធានីឡុងដ៍៖ កាលពីថ្ងៃអង្គារទី១២ ខែឧសភា ចក្រភពអង់គ្លេស បានប្រកាសថា នឹងចូលរួមចំណែកនូវឧបករណ៍បោសសម្អាតមីន យន្តហោះ និងនាវាចម្បាំងទៅចូលរួមបេសកកម្មពហុសាសន៍ ក្នុងគោលបំណងការពារសុវត្ថិភាពនាវាចរណ៍នៅក្នុងច្រកសមុទ្ទហ័រមូស្ស...។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក ចន ហ៊ីឡី (John Healey) បានប្រកាសពីការប្តេជ្ញាចិត្តនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយសមភាគីមកពីជាង៤០ប្រទេសផ្សេងទៀត ដែលពាក់ព័ន្ធនឹងបេសកកម្មនេះ។ លោកបញ្ជាក់ថា បេសកកម្មនេះនឹងចាប់ផ្តើមដំណើរការនៅពេលដែលលក្ខខណ្ឌអំណោយផល។ «ជាមួយសម្ព័ន្ធមិត្តរបស់យើង បេសកកម្មពហុជាតិសាសន៍នេះ នឹងមានលក្ខណៈការពារខ្លួន ឯករាជ្យ និងគួរឱ្យជឿជាក់» នេះបើតាម លោក ហ៊ីឡី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

លោក ចន ហ៊ីឡី
លោក ចន ហ៊ីឡី

រាជរដ្ឋាភិបាលអង់គ្លេស នឹងផ្តល់ថវិកាថ្មីចំនួន១១៥លានផោន ឬប្រហែល១៥៥,៥៣ លានដុល្លារ សម្រាប់ឧបករណ៍បោសសម្អាតមីន និងប្រព័ន្ធការពារ។ ឧបករណ៍ស្វែងរកគ្មានមនុស្សបើក និងដ្រូនបោសសម្អាតមីនក្នុងទឹក, ទូកគ្មានមនុស្សបើកល្បឿនលឿន, យន្តហោះចម្បាំង Typhoon សម្រាប់ល្បាតផ្លូវអាកាស, នាវាចម្បាំង HMS Dragon កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា។ សង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នាវាចរណ៍ឆ្លងកាត់តាមច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រមាណ២០ភាគរយ និងទំនិញគ្រប់ប្រភេទនៃពិភពលោក។ ការរំខាននេះ បានបណ្ដាលឱ្យការនាំចេញប្រេងមានភាពរអាក់រអួល និងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់កប់ពពក។ គួរបញ្ជាក់ថា បច្ចុប្បន្ន អង់គ្លេសមានកងកម្លាំងជាង ១០០០នាក់ នៅក្នុងតំបន់នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត