ក្រោយបាត់មុខ៧ឆ្នាំ ក្រុមសមាជិកសភាអង់គ្លេសត្រៀមជាន់ដីចិន ដើម្បីបើកទំព័រមិត្តភាពថ្មី
N
Nary Vann
08 ឧសភា 2026 05:30 PM

រាជធានីឡុងដ៍៖ ក្រុមសមាជិកសភាអង់គ្លេស១២រូប មកពីគ្រប់គណបក្ស គ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែឧសភា ឆ្នាំ២០២៦នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៩មក។ នេះជាសញ្ញាវិជ្ជមានថ្មីមួយនៃការងើបឡើងវិញនៃទំនាក់ទំនងការទូត បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ (Keir Starmer) បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីដើមឆ្នាំ២០២៦ ដើម្បីប្រកាសពីការចាប់ផ្ដើមជាថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កាលពីឆ្នាំ២០២១ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដល់ចំណុចសូន្យ បន្ទាប់ពីរដ្ឋធានីប៉េកាំងបានដាក់ទណ្ឌកម្មលើជនជាតិអង់គ្លេស៩រូប រួមទាំងសមាជិកសភាផងដែរ ក្រោមបទចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (Xinjiang)។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមករាកន្លងទៅ ចិនបានសម្រេចដកទណ្ឌកម្មលើសមាជិកសភាអង់គ្លេសចំនួន៦រូបវិញ ដើម្បីបើកផ្លូវឱ្យមានការចរចា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានភាពតានតឹងរឿងការចោទប្រកាន់ពីការធ្វើចារកម្ម និងបញ្ហាកូវីដ-១៩។

ទោះបីជាមានការប្រឹងប្រែងស្ដារមិត្តភាពឡើងវិញក្ដី ប៉ុន្តែកម្ដៅនយោបាយនៅតែមាន បន្ទាប់ពីតុលាការក្រុងឡុងដ៍បានកាត់ទោសបុរសពីរនាក់ ពីបទធ្វើចារកម្មឱ្យទីក្រុងហុងកុង និងចិន កាលពីសប្តាហ៍មុន។ លើសពីនេះ គម្រោងសាងសង់ស្ថានទូតយក្សរបស់ចិននៅក្នុងរាជធានីឡុងដ៍ ក៏នៅតែជាប្រធានបទដ៏ចម្រូងចម្រាសដែលធ្វើឱ្យមតិសាធារណៈនៅអង់គ្លេសមានការបែកបាក់។ ដំណើរទស្សនកិច្ចរបស់សមាជិកសភាអង់គ្លេសទាំង១២រូបនៅពាក់កណ្ដាលខែនេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយថា តើអង់គ្លេសអាចរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច និងការការពារសន្តិសុខជាតិបានកម្រិតណា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត