លោកនាយករដ្ឋមន្ត្រី គៀរ ស្តាមើរ៖ គ្មានសន្តិសុខអង់គ្លេសទេ បើគ្មានអឺរ៉ុប ហើយគ្មានសន្តិសុខអឺរ៉ុបឡើយ បើគ្មានអង់គ្លេស
ហៀប ស៊ីថេត
17 ម៉ោងមុន

រាជធានីឡុងដ៍៖ ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអឺរ៉ុបលើវិស័យការពារជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេករបស់ណាតូលើសហរដ្ឋអាម៉េរិក ខណៈលោកនាយករដ្ឋមន្ត្រី គៀរ ស្តាមើរ (Keir Starmer) បានអំពាវនាវឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប។

លោក គៀរ ស្តាមើរ 
លោក គៀរ ស្តាមើរ 

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានធ្វើឱ្យសម្ព័ន្ធភាពការពារជាតិរបស់អង្គណាតូកាន់តែតានតឹងជាមួយនឹងបំណងប្រាថ្នារបស់លោកក្នុងការទិញយកកោះទឹកកកហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក។ ជុំវិញបញ្ហានេះ លោក ស្តាមើរ បានអះអាងថា សហរដ្ឋអាម៉េរិកគឺជាសម្ព័ន្ធមិត្តដែលមិនអាចខ្វះបាន ដែលបានរួមចំណែកមិនអាចប្រៀបផ្ទឹមបានចំពោះសន្តិសុខរបស់អឺរ៉ុប ប៉ុន្តែណាតូអឺរ៉ុបកាន់តែច្រើននឹងជួយទ្វីបនេះផ្លាស់ប្ដូរពីការពឹងផ្អែកខ្លាំងពេកលើរដ្ឋធានីវ៉ាស៊ីនតោន។

«ខ្ញុំកំពុងនិយាយអំពីចក្ខុវិស័យនៃសន្តិសុខអឺរ៉ុប និងស្វ័យភាពអឺរ៉ុបកាន់តែធំ..។ អឺរ៉ុបគឺជាយក្ស ដែលកំពុងដេកលក់»។ នេះជាសម្តីរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តាមើរ។ សូមជម្រាបថា លោក ស្តាមើរ បានព្យាយាមកំណត់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុបឡើងវិញ ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០២៤ ពោលគឺរយៈពេល៤ឆ្នាំ បន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ខណៈរាជធានីឡុងដ៍បានដើរតួនាទីនាំមុខគេក្នុងការសម្របសម្រួលលើការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជាចុងក្រោយ លោក ស្តាមើរ បានសង្កត់ធ្ងន់ថា ៖«គ្មានសន្តិសុខអង់គ្លេសទេ បើគ្មានអឺរ៉ុប ហើយគ្មានសន្តិសុខអឺរ៉ុបទេ បើគ្មានអង់គ្លេស»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត