ចិនឆ្លើយតបទៅនាយករដ្ឋមន្ត្រីអង់គ្លេស ថានិយាយគ្មានមូលដ្ឋាន ជុំវិញការលើកឡើងពីការគំរាមកំហែងសន្តិសុខជាតិ
ម៉េងហុង
03 ធ្នូ 2025 12:30 PM

រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃចន្ទទី១ធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃៀ ស្តាមើរ បានប្រកាសក្តែងៗ ថាចិនបានបង្កការគំរាមកំហែងសន្តិសុខជាតិដល់ចក្រភពអង់គ្លេស។ មិនបង្អង់យូរមួយថ្ងៃបន្ទាប់ មហាយក្សចិនបានតបតវិញ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីអង់គ្លេសថា ការចោទប្រកាន់នោះ គ្មានមូលដ្ឋានច្បាស់លាស់...។

លោក ឃៀ ស្តាមើរ 
លោក ឃៀ ស្តាមើរ 

លោក ស្តាមើរ បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេ ដែលបានជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ កាលពីកំលុងខែវិច្ឆិកា ឆ្នាំ២០២៤ ជាសញ្ញាមួយដែលបង្ហាញថា ទំនាក់ទំនងកំពុងមានភាពប្រសើរឡើង។ ប៉ុន្តែថ្លែងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំមួយ កាលពីថ្ងៃទី១ធ្នូ លោក ស្តាមើរ បាននិយាយថា ប្រទេសចិនបង្កការគំរាមកំហែងសន្តិសុខជាតិពិតប្រាកដ ហើយបាននិយាយថា រាជធានីឡុងដ៍ នឹងបន្តលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយរដ្ឋធានីប៉េកាំង។ លោក ស្តាមើរ ក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេស នឹងបន្តលើកឡើងពីការរឹតត្បិតសេរីភាពនៅទីក្រុងហុងកុង។

លោក ស៊ី ជីនពីង (ស្តាំ) និងលោក  ឃៀ ស្តាមើរ
លោក ស៊ី ជីនពីង (ស្តាំ) និងលោក  ឃៀ ស្តាមើរ

កាលពីថ្ងៃទី២ធ្នូដដែល ស្ថានទូតចិនប្រចាំរាជធានីឡុងដ៍ បានបញ្ចេញសេចក្តីថ្លែងការណ៍មួយថា៖«យើងប្រឆាំងយ៉ាងដាច់អហង្កា ចំពោះការកត់សម្គាល់របស់ភាគីអង់គ្លេស..ដែលចោទប្រកាន់ចិនដោយគ្មានមូលដ្ឋាន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ការអភិវឌ្ឍរបស់ប្រទេសចិន មិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ដោយបន្ថែមថា ការកត់សម្គាល់របស់លោក ស្តាមើរ គឺមានកំហុស។» ស្ថានទូតចិនបានបន្ថែមថា បញ្ហាហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ចក្រភព​អង់គ្លេស ​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ឬ​សិទ្ធិ​ក្នុង​ការ​ធ្វើការ​កត់សម្គាល់​ដែល​គ្មាន​មូលដ្ឋាន ឬ​ជ្រៀតជ្រែក​មិន​ត្រឹមត្រូវ​នោះ​ទេ។

រដ្ឋាភិបាលពលកររបស់លោក ស្តាមើរ បានធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយប្រទេសចិន ក្លាយជាអាទិភាពគោលនយោបាយការបរទេសមួយរបស់ខ្លួន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យតានតឹងដោយការចោទប្រកាន់របស់អង់គ្លេស លើរដ្ឋធានីប៉េកាំង ពីបទចារកម្ម។ ដោយហៅ ការខ្វះការចូលរួមរបស់រដ្ឋាភិបាលអភិរក្សនិយមមុនជាមួយប្រទេសចិន ថា ជាការធ្វេសប្រហែសកាតព្វកិច្ច លោក ស្តាមើរ បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានទៅទស្សនកិច្ចប្រទេសចិនពីរដង ហើយមេដឹកនាំអាល្លឺម៉ង់បានទៅទស្សនកិច្ចប្រទេសចិន៤ដង។

លោកស្រី ថេរេសា ម៉េ និងមេដឹកនាំចិន
លោកស្រី ថេរេសា ម៉េ និងមេដឹកនាំចិន

ប៉ុន្តែមេដឹកនាំអង់គ្លេសចុងក្រោយ ដែលបានទៅទស្សនកិច្ចប្រទេសចិន គឺអតីតនាយករដ្ឋមន្ត្រី ថេរេសា ម៉េ (Theresa May) ក្នុងឆ្នាំ២០១៨។ យោងតាមប្រភពព័ត៌មាន លោក ស្តាមើរ កំពុងរៀបចំទៅទស្សនកិច្ចប្រទេសចិន នៅឆ្នាំក្រោយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី យ៉ាងហោចណាស់បួនរូបចាប់តាំងពីគណបក្សពលកម្ម ត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត