
មជ្ឈិមបូព៌ា៖ ចក្រភពអង់គ្លេស និងបារាំង បានដឹកនាំកិច្ចប្រជុំតាមវីដេអូជាមួយប្រទេសចំនួនជិត៥០ មកពីអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីផែនការបញ្ជូនកម្លាំងយោធាទៅការពារនាវាដឹកប្រេងនៅក្នុងច្រកសមុទ្ទហ័រមូស្ស។ ចលនាដែលផ្តួចផ្តើមដោយអង់គ្លេស និងបារាំង កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបិទខ្ទប់ផ្លូវទឹកហ័រមូស្ស កាលពីពេលថ្មីៗនេះ។

គេនៅចាំបានថា អ៊ីរ៉ង់ បានរឹតបន្តឹងការធ្វើដំណើរក្នុងច្រកសមុទ្ទនេះ ចាប់តាំងពីមានការវាយប្រហារតាមអាកាសពីសំណាក់អាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែមេសា អ៊ីរ៉ង់បានប្រកាសថា បើកច្រកសមុទ្ទនេះឡើងវិញហើយ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ដែលមិនព្រមជួយអនុវត្តការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែក្រោយមក លោកបែរជាប្រាប់ឱ្យប្រទេសទាំងនោះនៅឱ្យឆ្ងាយទៅវិញ ដោយអះអាងថា អាម៉េរិកមិនត្រូវការជំនួយឡើយ។

មកដល់ពេលនេះ ប្រទេសនានា ដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ យល់ថា ការចូលរួមបិទខ្ទប់អ៊ីរ៉ង់ គឺជាការលូកដៃចូលរួមក្នុងសង្គ្រាម។ ផ្ទុយទៅវិញ ពួកគេចង់បង្កើតបេសកកម្មមួយដើម្បីធានាថា ច្រកសមុទ្ទហ័រមូស្សនៅតែជាផ្លូវទឹកអន្តរជាតិ ដែលបើកចំហដោយសេរី មិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយ ឬត្រូវបង់ថ្លៃធ្វើដំណើរនោះទេ។ នៅសប្តាហ៍ក្រោយ នឹងមានកិច្ចប្រជុំយោធាមួយនៅរាជធានីឡុងដ៍ ដើម្បីរៀបចំលម្អិតអំពីសមាសភាពកងកម្លាំង ដោយមានប្រទេសជាង១២ បានសន្យារួចហើយ ថានឹងផ្តល់សម្ភារយោធា។ បេសកកម្មនេះ រួមមាន ការចែករំលែកព័ត៌មានសម្ងាត់, ការបោសសម្អាតមីនក្រោមទឹក (នៅច្រកហ័រមូស្ស), និងការបញ្ជូននាវាចម្បាំងអមការពារនាវាដឹកប្រេង៕



