
រដ្ឋធានីមូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី១២ ខែឧសភាថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលយុទ្ធសាស្ត្រអន្តរទ្វីបប្រភេទថ្មី Sarmat នៅចុងឆ្នាំនេះ ដោយលោកអះអាងថា វាគឺជាអាវុធដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក...។

មីស៊ីលនេះ ត្រូវបានរចនាឡើងដើម្បីដឹកក្បាលគ្រាប់នុយក្លេអ៊ែរវាយប្រហារគោលដៅក្នុងចម្ងាយរាប់ពាន់ម៉ាយ រហូតដល់សហរដ្ឋអាម៉េរិក ឬអឺរ៉ុប។ នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន បានបញ្ជាក់ថា ក្បាលគ្រាប់របស់វា មានថាមពលខ្លាំងជាងអាវុធសមមូលរបស់លោកខាងលិចដល់ទៅ៤ដង ហើយមានចម្ងាយបាញ់រហូតដល់ទៅ៣៥០០០គីឡូម៉ែត្រ ព្រមទាំងមានសមត្ថភាពអាចទម្លុះគ្រប់ប្រព័ន្ធការពារមីស៊ីលទាំងអស់ ដែលមាននាពេលបច្ចុប្បន្ន និងទៅអនាគត។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍អំពីការសាកល្បងដោយជោគជ័យ ដែលរាយការណ៍ដោយលោក ស៊ើហ្គេយ ការ៉ាកាយ៉េវ (Sergei Karakayev) មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី។ លោក ការ៉ាកាយ៉េវ បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយមីស៊ីល Sarmat នឹងជួយបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែរដីគោកយ៉ាងខ្លាំង ក្នុងការធានាការកម្ទេចគោលដៅ និងដោះស្រាយបញ្ហារារាំងជាយុទ្ធសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសន្តិសុខលោកខាងលិច បានបង្ហាញការសង្ស័យ ដោយលើកឡើងថា លោក ពូទីន ហាក់ដូចជានិយាយបំផ្លើសពីសមត្ថភាពពិតប្រាកដរបស់អាវុធជំនាន់ថ្មីនេះ ខណៈកន្លងមក មីស៊ីល Sarmat ក៏ធ្លាប់បានជួបប្រទះការបរាជ័យក្នុងការសាកល្បងជាច្រើនលើកផងដែរ រួមទាំងការផ្ទុះកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលបន្សល់ទុករណ្តៅយ៉ាងជ្រៅនៅកន្លែងបាញ់បង្ហោះ។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ក្នុងឆ្នាំ២០២២ លោក ពូទីន តែងតែរំឭកពិភពលោកអំពីទំហំ និងឥទ្ធិពលនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលលោកខាងលិចចាត់ទុកថា ជាកិច្ចប្រឹងប្រែងដើម្បីរារាំងខ្លួនមិនឱ្យចូលជ្រៀតជ្រែកកាន់តែខ្លាំងនៅក្នុងជម្លោះ។ ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រថ្មីនេះ គឺជាផ្នែកមួយនៃកម្មវិធីទំនើបកម្មអាវុធរបស់រុស្ស៊ី ដែលបានប្រកាសតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងឥទ្ធិពលយោធារបស់ខ្លួននៅលើឆាកអន្តរជាតិ៕



