
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានផ្ញើសារនយោបាយដ៏មានឥទ្ធិពលទៅកាន់បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយប្រកាសជាថ្មីនូវសម្ព័ន្ធភាពដែកថែប និងលើកតម្កើងទំនាក់ទំនងជាមួយរុស្ស៊ីជា«អាទិភាពខ្ពស់បំផុត»។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងស្របពេលពិភពលោកកំពុងតាមដានយ៉ាងដិតដល់នូវវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងសមរភូមិអ៊ុយក្រែន។

ក្នុងសារអបអរសាទរទិវាជ័យជម្នះរបស់រុស្ស៊ី នៅថ្ងៃទី៩ ខែឧសភា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងអនុវត្តកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនបំផុតតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សន្ធិសញ្ញានេះមិនត្រឹមតែជាក្រដាសស្នាមនោះទេ ប៉ុន្តែវាគឺជាការចងភ្ជាប់ជោគវាសនាយោធានៃប្រទេសទាំង២ ក្រោមការការពារគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពាន។ ការប្រកាសក្តែងៗរបស់លោក គីម ជុងអ៊ុន នៅពេលនេះ គឺជាការបញ្ជូនសារទៅកាន់ពិភពលោកថា ទោះបីជាបាត់បង់ជីវិតកងទ័ពរាប់ពាន់នាក់ក៏ដោយ ក៏កូរ៉េខាងជើងមិនរារែកក្នុងការគាំទ្ររុស្ស៊ីឡើយ។

រ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទ័ពប្រហែល១៤០០០នាក់ ទៅកាន់សមរភូមិឃឺស(Kursk)។ យោងតាមប្រភពពីលោកខាងលិច និងអ៊ុយក្រែន កងទ័ពកូរ៉េខាងជើងជាង៦០០០នាក់ បានស្លាប់រួចទៅហើយ ក្នុងសង្គ្រាមអូសបន្លាយជាង៤ឆ្នាំមកនេះ។ ទោះជាយ៉ាងណា សញ្ញាវិជ្ជមានមួយបានលេចឡើង បន្ទាប់ពីភាគីរុស្ស៊ី-អ៊ុយក្រែន បានព្រមព្រៀង«បទឈប់បាញ់រយៈពេល៣ថ្ងៃ» ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ឧសភា តបតាមការស្នើសុំរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ៕




