
រដ្ឋធានីមូស្គូ៖ ចំណាយពេលជាង៩០នាទី បុរសខ្លាំងអាម៉េរិកដែលមានរហ័ស្សនាមស្តេចឥន្ទ្រី ដូណាល់ ត្រាំ និងបុរសខ្លាឃ្មុំទឹកកករុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជជែកគ្នាតាមទូរសព្ទឡើងចង់រោយថ្គាម កាលពីថ្ងៃពុធទី២៩ ខែមេសា អំពីខ្សែបន្ទាត់ក្រហមនៃសង្គ្រាមធំៗទាំង២ គឺសង្គ្រាមនៅមជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន។

លោក យូរី អ៊ូសាកូវ (Yuri Ushakov) ជំនួយការវិមានក្រឹមឡាំង បានអះអាងថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាម៉េរិក បានពិភាក្សាគ្នាត្រង់ទៅត្រង់មក។ លោកបន្តថា ប្រធានាធិបតីទាំង២ បានជជែកដោយយកចិត្តទុកដាក់ ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅតំបន់ឈូងសមុទ្ទពែក្ស។ លោក ពូទីន ចាត់ទុកការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ។ យ៉ាងណា លោក ពូទីន ក៏បានសង្កត់ធ្ងន់អំពីផលវិបាកដែលមិនអាចជៀសបាន ព្រោះថា ប្រសិនបើអាម៉េរិក និងអ៊ីស្រាអែល សម្រេចចិត្តប្រើប្រាស់វិធានការយោធាម្ដងទៀត នោះមិនត្រឹមតែខូចខាតអ៊ីរ៉ង់ និងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់សហគមន៍អន្តរជាតិទាំងមូលតែម្តង។

ជាមួយគ្នានេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាកិច្ចសន្ទនាដ៏ល្អបំផុតជាមួយលោក ពូទីន ទោះបីការពិភាក្សាគ្នាផ្ដោតខ្លាំងលើសង្គ្រាមអ៊ុយក្រែន ជាងបញ្ហាអ៊ីរ៉ង់ក៏ដោយ។ លោក ត្រាំ បានបន្ថែមថា លោក ពូទីន ចង់ជួយបញ្ចប់សង្គ្រាមរបស់អាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ប៉ុន្តែលោកបានប្រាប់មេដឹកនាំរុស្ស៊ីវិញ ឱ្យបញ្ចប់ការឈ្លានពានអ៊ុយក្រែនជាមុនសិន។ លោក ពូទីន បានលើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសបទឈប់បាញ់ជាមួយអ៊ុយក្រែន តែរយៈពេលប៉ុណ្ណោះ គឺអំឡុងនៃទិវាជ័យជម្នះរបស់រុស្ស៊ី ដែលតែងប្រារព្ធឡើងនៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ លោក ត្រាំ គាំទ្រការសម្រេចចិត្តនេះ។ រុស្ស៊ីប្រារព្ធទិវាជ័យជម្នះ ដើម្បីរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែពិធីនេះនឹងធ្វើឡើងក្នុងភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចការវាយប្រហារសងសឹកពីសំណាក់អ៊ុយក្រែន៕





