សត្វស្លាបកម្ពុជាពីរប្រភេទ កំពុងមានទីផ្សារខ្ពស់នៅវៀតណាម តែអាចប្រឈមនឹងការផុតពូជ

រាជធានីភ្នំពេញ៖ សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម របស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងការផុតពូជ បន្ទាប់ពីក្រុមឈ្មួញខ្មែរនាំគ្នាដាក់ធ្នាក់ទាក់ចាប់យកពួកវារាប់រយក្បាលក្នុងមួយថ្ងៃៗ ទៅលក់នៅប្រទេសវៀតណាម ដែលជាទីផ្សារធំសម្រាប់អ្នកនិយមលេងសត្វស្លាបហួចសំឡេងពីរោះ។ នេះបើយោងតាមការទម្លាយរបស់អ្នកលេងសត្វស្លាបហួចម្នាក់ ប្រាប់អង្គភាពសារព័ត៌មាន SBM News កាលពីល្ងាចថ្ងៃចន្ទទី១១ឧសភាម្សិលមិញ...។

សត្វចាបល្វាចេកភ្លើង
សត្វចាបល្វាចេកភ្លើង

យោងតាមប្រភពពីអ្នកនិយមលេងសត្វស្លាបហួចកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម កំពុងមានហាងឆេងខ្ពស់នៅលើទីផ្សារក្នុងស្រុក ដោយមានអ្នកមានទ្រព្យសម្បត្តិមួយចំនួនធំនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនិយមលេងសត្វស្លាបប្រភេទនេះ ដោយក្ដីស្រឡាញ់ និងចូលចិត្តស្ដាប់សំឡេងពួកវាស្រែកច្រៀង ឬបូលហៅគូ ដែលមានសូរសព្ទពីរោះរណ្តំចិត្ត។ ចំពោះតម្លៃទីផ្សារក្នុងស្រុកវិញ មិនមានចំនួនច្បាស់ទេ ពោលគឺទៅតាមតម្លៃនៃការចរចារវាងអ្នកទិញ និងព្រានព្រៃប៉ុណ្ណោះ។ ទន្ទឹមនោះ អ្នកនិយមលេងសត្វស្លាបហួចខ្លះ បានទាំងយកសត្វស្លាបទាំងពីរប្រភេទនេះទៅបង្កាត់ពូជ បានកូនចៅច្រើនលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ដើម្បីឱ្យពួកវាបន្តវត្តមាននៅក្នុងប្រទេសកម្ពុជា សម្រាប់កូនចៅខ្មែរជំនាន់ក្រោយបានស្គាល់។

សត្វពពេចកំប៉ោយថ្ពាល់ក្រហម
សត្វពពេចកំប៉ោយថ្ពាល់ក្រហម

ប៉ុន្តែគួរឱ្យសោកស្ដាយ ប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វចាបល្វាចេកភ្លើង និងសត្វពពេចកំប៉ោយថ្ពាល់ក្រហម ហាក់មិនសូវសម្បូរដូចមុនឡើយ នោះក៏ព្រោះតែពួកវាកំពុងមានចំណែកទីផ្សារធំនៅឯប្រទេសវៀតណាម ដោយក្រុមឈ្មួញវៀតណាមបានបញ្ជាទិញសត្វស្លាបទាំងពីរប្រភេទនេះ ក្នុងតម្លៃមួយក្បាលចន្លោះពី១០ម៉ឺនរៀលទៅ២០ម៉ឺនរៀល ឬអាចថ្លៃជាងនេះពីក្រុមឈ្មួញខ្មែរ។ ប៉ុន្តែក៏មានដំណឹងលេចឮពីប្រទេសវៀតណាមមកវិញដែរថា ក្រុមឈ្មួញវៀតណាមទាំងនោះ ប្រមូលទិញសត្វស្លាបទាំងពីរប្រភេទរបស់កម្ពុជានេះ គឺពួកគេនាំយកទៅលក់បន្តនៅឯប្រទេសចិន ដោយក្នុងមួយក្បាលៗមានតម្លៃចាប់ពី៤០ម៉ឺនរៀលយ៉ាងតិច ពោលគឺទៅតាមពណ៌រូបឆោមរបស់សត្វស្លាបនីមួយៗ ក៏ដូចជាភាពឆ្លាតវៃរបស់ពួកវាផងដែរ។ 

សត្វចាបល្វាចេកភ្លើង
សត្វចាបល្វាចេកភ្លើង

សូមជម្រាបថា សត្វចាបល្វាចេកភ្លើង មានឈ្មោះជាភាសាអង់គ្លេស៖ Scarlet-backed Flowerpecker និងឈ្មោះវិទ្យាសាស្រ្ត៖Dicaeum\cruentatum វាគឺជាបក្សីមានរូបរាងតូចច្រឡឹង និងមានពណ៌សម្បុរស្រស់ស្អាត ដែលយើងឧស្សាហ៍ជួបប្រទះនៅប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។ សត្វស្លាបប្រភេទនេះ មានលក្ខណៈសម្គាល់រូបរាងដូចជា៖ វាមានទំហំតូចខ្លាំង (ប្រវែងប្រហែលពី៨ទៅ៩សង់ទីម៉ែត្រ) និងមានចំពុះខ្លីក្រាស់។ ពណ៌សម្បុរសត្វឈ្មោល មានលក្ខណៈលេចធ្លោខ្លាំង ដោយមានពណ៌ក្រហមឆ្អៅចាប់ពីក្បាល ខ្នង រហូតដល់គល់កន្ទុយ។ ផ្នែកស្លាប និងកន្ទុយ មានពណ៌ខ្មៅរលើប ចំណែកផ្នែកពោះមានពណ៌ស ឬប្រផេះស្រាល។ សត្វញីមានសម្បុរ ពណ៌ស្រទន់ជាងសត្វឈ្មោល ដោយខ្លួនវាភាគច្រើនមានពណ៌អូលីវ (បៃតងចាស់) ឬប្រផេះ ហើយមានតែផ្នែកគល់កន្ទុយប៉ុណ្ណោះដែលមានពណ៌ក្រហមព្រាលៗ។

សត្វពពេចកំប៉ោយថ្ពាល់ក្រហម
សត្វពពេចកំប៉ោយថ្ពាល់ក្រហម

ដោយឡែក សម្រាប់សត្វពពេចកំប៉ោយថ្ពាល់ក្រហម មានឈ្មោះជាភាសាអង់គ្លេស៖ Red-whiskered Bulbul និងឈ្មោះវិទ្យាសាស្រ្ត៖ Pycnonotus\jocosus វាជាបក្សីមួយប្រភេទដែលមានប្រជាប្រិយភាពខ្លាំង មិនត្រឹមតែក្នុងចំណោមអ្នកស្រឡាញ់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតក្នុងចំណោមអ្នកនិយមចិញ្ចឹមសត្វស្លាបហួចផងដែរ។ វាមានរូបរាងស្រស់ស្អាត និងសំឡេងយំដ៏ពីរោះ។ ចំណែកលក្ខណៈពិសេសរបស់សត្វពពេចប្រភេទនេះ មានដូចជា៖ កំប៉ោយ វាមានលក្ខណៈលេចធ្លោជាងគេ គឺវាមានភ្នួង ឬកំប៉ោយពណ៌ខ្មៅស្រួចងើបឡើងលើក្បាល។ ថ្ពាល់ក្រហម មានចំណុចពណ៌ក្រហមតូចមួយនៅពីក្រោយភ្នែក(ក្បែរត្រចៀក)។ ពណ៌សម្បុររបស់វា គឺខ្នងមានពណ៌ត្នោត ផ្នែកខាងក្រោមពោះ មានពណ៌-ស ហើយមានឆ្នូតខ្មៅរាងដូចខ្សែកនៅជុំវិញកញ្ចឹង-ក។ ចំណែកឯផ្នែកខាងក្រោមគល់កន្ទុយ មានពណ៌ក្រហមឆ្អៅ។

សម្រាប់សត្វស្លាបទាំងពីរប្រភេទនេះ ចូលចិត្តរស់នៅតាមសួនច្បារ តំបន់កសិកម្ម ព្រៃរបោះ និងតំបន់ដែលមានដើមឈើហូបផ្លែច្រើន។ គេអាចឃើញពួកវានៅតាមទីក្រុងដែលមានដើមឈើធំៗផងដែរ។ ចំពោះ អាហាររបស់ពួកវា ចំណីចម្បងគឺផ្លែឈើតូចៗ (ជាពិសេសផ្លែកន្ទួតព្រៃ ឬផ្លែឈើដែលមានទឹកច្រើន) លម្អងផ្កា និងសត្វល្អិតតូចៗ។ពួកវាក៏ត្រូវបានគេចូលចិត្ត តាមរយៈពណ៌ក្រហមស្អាត និងមានភាពរហ័សរហួន ដែលផ្តល់នូវសោភ័ណភាពដល់ធម្មជាតិជុំវិញផ្ទះ។ សំឡេងហួចរបស់ពួកវា ប្រៀបបាននឹងសូរតូរ្យតន្ត្រីមួយ ដែលជួយរក្សាតុល្យភាពធម្មជាតិ ជាមួយមនុស្សលោកយើងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត