
រាជធានីបាងកក៖ អ្នកជំនាញអន្តរជាតិ បានចេញមុខព្រមានរាជរដ្ឋាភិបាលថៃ កុំឱ្យមើលស្រាលយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងវិវាទដែនសមុទ្ទ និងការបែងចែកផលប្រយោជន៍ថាមពលក្រោមបាតសមុទ្ទដែលមានតម្លៃមហាសាល...។

លោក គ្រឹស្ដា ប៊ុនរឿង (กฤษฎา บุญเรือง) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកវិភាគឯករាជថៃរស់នៅសហរដ្ឋអាម៉េរិក បានព្រមានតាមរយៈការផ្សាយរបស់ស្ថានីយទូរទស្សន៍ Nation TV ថា រាល់ការអំពាវនាវ(ក្នុងប្រទេសថៃ)ឱ្យមានការលុបចោល MoU ៤៤ ដែលជាក្របខណ្ឌទ្វេភាគី ឆ្នាំ២០០១ សម្រាប់ដោះស្រាយបញ្ហាតំបន់ដែនទឹកទាមទារត្រួតគ្នានោះ អាចនឹងនាំឱ្យប្រទេសថៃដើរចូលទៅក្នុង«អន្ទាក់យុទ្ធសាស្ត្រ»របស់កម្ពុជា។ លោក គ្រឹស្ដា ប៊ុនរឿង បានពន្យល់ផង និងព្រមានផងថា៖«ការលុបចោល MoU ដោយឯកតោភាគី នឹងអនុញ្ញាតឱ្យកម្ពុជាមានលេសតវ៉ាថា ការចរចាបែបការទូតទ្វេភាគីបានបរាជ័យហើយ។ នេះគឺជាការផ្ដល់ឱកាសដ៏ល្អបំផុតសម្រាប់ពួកគេ[កម្ពុជា] ក្នុងការរុញរឿងក្ដីនេះទៅកាន់តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្ទ(ឬ ITLOS) ក្រោមអនុសញ្ញា UNCLOS ជាសមរភូមិមួយ ដែលពួកគេ[កម្ពុជា] បានចំណាយពេលរៀបចំយុទ្ធសាស្ត្រអស់ជាច្រើនឆ្នាំរួចមកហើយ»។

តើអ្វីទៅជា«អាវុធសម្ងាត់»របស់កម្ពុជា? លោក គ្រឹស្ដា ប៊ុនរឿង បានអះអាងថា អាវុធសម្ងាត់របស់កម្ពុជាគឺ លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូឈី (Hidehisa Horinouchi) ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន លោកគឺជាចៅក្រមនៅតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្ទដ៏មានឥទ្ធិពល។ លើសពីនេះ លោក គ្រឹស្ដា ប៊ុនរឿង បានលើកឡើងទៀតថា លោក ហូរីណូអ៊ូឈី ត្រូវបានគេជឿថា បានផ្តល់ការប្រឹក្សា និងបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាឱ្យយល់ច្បាស់ពីចន្លោះប្រហោងនៃច្បាប់សមុទ្ទ និងរបៀបរៀបចំយុទ្ធសាស្ត្រ ដើម្បីឈ្នះក្ដីក្នុងកម្រិតអន្តរជាតិ។(Sic)

ម្លោះហើយ ប្រសិនបើមេដឹកនាំថៃសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (ឬ MoU 44) តាមការទាមទាររបស់ក្រុមជាតិនិយមក្នុងស្រុកមែននោះ គឺមានន័យថា «ថៃខ្លួនឯងកំពុងដើរចូលអន្ទាក់របស់កម្ពុជា» ព្រោះថា ការលុបចោល MoU ជាឯកតោភាគី នឹងផ្តល់លេសឱ្យកម្ពុជាសំអាងថា ការចរចាទ្វេភាគីបានបរាជ័យ ហើយនឹងរុញរឿងនេះទៅកាន់តុលាការ ITLOS ដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះជាសម្តី អ្នកវិភាគថៃនៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិភាគនេះ ហាក់ហួសពេលបន្តិចទៅហើយ ព្រោះថៃបានសម្រេចលុបចោលនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (ឬMoU 44)នេះរួចជាស្រេចទៅហើយ ទោះចង់ឬមិនចង់ មេដឹកនាំកម្ពុជាក៏បានបញ្ជាក់អំពីការជ្រើសរើសយន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ទអន្តរជាតិ UNCLOS រួចទៅហើយដែរ។

គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែឧសភា រាជរដ្ឋាភិបាលថៃ បានអនុម័តលុបចោលកិច្ចព្រមព្រៀងដែលមានអាយុកាល២៥ឆ្នាំជាមួយកម្ពុជា ឬ MoU ៤៤ ដែលជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរុករកប្រេង ឧស្ម័ន និងធនធានធម្មជាតិផ្សេងទៀតនៅតំបន់សមុទ្ទត្រួតស៊ីគ្នា(OCA)ក្នុងឈូងសមុទ្ទថៃ។ ថ្វីបើភាគីថៃយកលេសថា ការលុបចោលនេះ គឺដោយសារតែមិនមានវឌ្ឍនភាពក៏ដោយ ប៉ុន្តែការលុបចោលដោយឯកតោភាគី និងតាមទំនើងចិត្តបែបនេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ជុំវិញបញ្ហានេះទៀតសោធ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីស្វែងរកដំណោះស្រាយតាមរយៈយន្តការអន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ដើម្បីដោះស្រាយវិវាទនេះឡើយ ដូច្នេះ ការព្រមានរបស់អ្នកវិភាគថៃរូបនេះ គឺវាយឺតពេលទៅហើយ។ ប៉ុន្តែ វាក៏បានបង្ហាញឱ្យយើងឃើញផងដែរថា ការសម្រេចចិត្តរបស់មេដឹកនាំថៃបច្ចុប្បន្ន គឺមានភាពឆោតល្ងង់ដាច់ឆ្ងាយពីមេដឹកនាំកម្ពុជា។ នេះបើយោងតាមលោក គ្រឹស្ដា ប៊ុនរឿង៕



