អង់គ្លេស ចេញមុខកោះហៅ៣៥ប្រទេសជួយសង្គ្រោះច្រកសមុទ្ទហ័រមូស្ស ដោយមិនបញ្ចូលអាម៉េរិក
N
Nary Vann
3 ម៉ោងមុន

រាជធានីឡុងដ៍៖ ស្របពេលសង្រ្គាមមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចក្រភពអង់គ្លេស បានសម្រេចចិត្តដើរតួជាមេកើយក្នុងការដោះស្រាយវិបត្តិថាមពលសកល ដោយបានកោះហៅប្រទេសចំនួន៣៥ មកជួបប្រជុំគ្នានៅថ្ងៃទី២ ខែមេសានេះ ដើម្បីស្វែងរកផែនការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺ សហរដ្ឋអាម៉េរិក មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានេះឡើយ ដែលជាសញ្ញានៃការប្រេះឆាខាងយុទ្ធសាស្ត្ររវាងអឺរ៉ុប និងអាម៉េរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ (Keir Starmer) បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពចម្បងរបស់លោក គឺផលប្រយោជន៍ជាតិរបស់អង់គ្លេស និងការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកហ័រមូស្ស ដែលបច្ចុប្បន្នត្រូវបានរារាំងដោយការបិទខ្ទប់របស់អ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាលើកទីមួយហើយដែលបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងប្រទេសអារ៉ាប់រួមជាដើម បានរួមដៃគ្នា ដើម្បីវាយតម្លៃរាល់វិធានការការទូត និងនយោបាយ ក្នុងគោលបំណងរំដោះនាវាដឹកទំនិញ និងនាវាដឹកប្រេងប្រមាណ១ពាន់គ្រឿង ដែលកំពុងជាប់គាំងមិនអាចឆ្លងកាត់ច្រកសមុទ្ទដ៏សំខាន់មួយនេះបាន។

លោក ឃា ស្តាមឺ
លោក ឃា ស្តាមឺ

ការសម្រេចចិត្តមិនរាប់បញ្ចូលអាម៉េរិកក្នុងកិច្ចពិភាក្សានេះ កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានរិះគន់បណ្ដាប្រទេសអឺរ៉ុបថា មិនព្រមជួយគាំទ្រសង្រ្គាមរបស់លោក និងបានព្រមានថា បើគ្មានការបើកច្រកសមុទ្ទទេ លោកនឹងបន្តបាញ់កម្ទេចអ៊ីរ៉ង់ឱ្យត្រឡប់ទៅដូចយុគសម័យថ្មរម្លីងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោក ស្តាមឺ បានតបវិញដោយសន្តិវិធី ប៉ុន្តែមានលក្ខណៈម៉ឺងម៉ាត់ថា អង់គ្លេសត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំដ៏ស្ងប់ស្ងាត់ និងច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់អាហារ និងថាមពលរបស់ពិភពលោក ខណៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅតែបន្តប្រកាសក្ដែងៗថា ច្រកសមុទ្ទនេះ នឹងត្រូវបិទជិតចំពោះសត្រូវជានិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត