
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងរបត់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធទី១ ខែមេសានេះថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកប្រឆាំងអ៊ីរ៉ង់ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលត្រឹមតែ២ទៅ៣សប្តាហ៍ទៀតប៉ុណ្ណោះ និងបានផ្ញើសារព្រមានយ៉ាងមុតស្រួចទៅកាន់សម្ព័ន្ធមិត្តថា «ឈប់ធ្វើស្រែលើខ្នងអាម៉េរិកទៀតទៅ»...។

យ៉ាងណា មានសំណួរចោទសួរទៅលោកវិញថា តើការដកថយរបស់សហរដ្ឋអាម៉េរិកនៅពេលនេះ គឺជាការបញ្ចប់សង្រ្គាមពិតប្រាកដ ឬគ្រាន់តែជាលេសទុកឱ្យសម្ព័ន្ធមិត្តរែកពន់វិបត្តិ ដែលខ្លួនបានបង្កើតឡើងឬយ៉ាងណា..? ក្នុងសប្តាហ៍ទី៥នៃសង្គ្រាមដែលសហរដ្ឋអាម៉េរិក បានធ្វើឱ្យកក្រើកពិភពលោក ប៉ុន្តែពេលនេះ លោក ត្រាំ បែរជាប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖«យើងនឹងចាកចេញក្នុងពេលឆាប់ៗ..! គឺប្រហែលជា២សប្តាហ៍ ឬ៣សប្តាហ៍ទៀត»។ មែនទែនទៅ សេចក្តីថ្លែងការណ៍នេះបង្ហាញពីការបន្ធូរបន្ថយលក្ខខណ្ឌ ដែលសហរដ្ឋអាម៉េរិកធ្លាប់ទាមទារឱ្យអ៊ីរ៉ង់យល់ព្រមលើលក្ខខណ្ឌ១៥ចំណុច រួមទាំងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការឈប់បាញ់។ តើ ត្រាំ អស់អារម្មណ៍ចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ឬបណ្ដាលមកពីខាតបង់ធនធានយុទ្ធោបរកណ៍សឹកខ្លាំង..? ឬមួយក៏គ្រាន់តែជាវោហារសាស្ត្របំភ័នស្ថានការណ៍ និងស្ទង់ទឹកចិត្តសម្ព័ន្ធមិត្ត..?

ជាក់ស្តែង ថ្ងៃចុងក្រោយនៃខែមីនា លោក ត្រាំ បានយកដៃទាញដងប៉ាការសរសេរសារដ៏មុតស្រួចមួយផ្តាំទៅសម្ព័ន្ធមិត្តថា៖«សម្រាប់បណ្តាប្រទេសទាំងអស់ ដែលមិនអាចទទួលបានប្រេងឥន្ធនៈយន្តហោះ ដោយសារតែបញ្ហានៅច្រកសមុទ្ទហ័រមូស្ស ដូចជាចក្រភពអង់គ្លេស ដែលបានបដិសេធមិនចូលរួមក្នុងប្រតិបត្តិការកម្ចាត់អ៊ីរ៉ង់ ខ្ញុំមានយោបល់សម្រាប់អ្នក៖ ទី១,ទិញពីសហរដ្ឋអាម៉េរិកទៅ យើងមានច្រើនណាស់ និងទី២, បង្កើនភាពក្លាហានរបស់អ្នកខ្លះទៅ រួចធ្វើដំណើរទៅកាន់ច្រកសមុទ្ទនោះ ហើយដណ្តើមយកវាទៅ។ អ្នកត្រូវតែចាប់ផ្តើមរៀនពីរបៀបតស៊ូដើម្បីខ្លួនឯង។ សហរដ្ឋអាម៉េរិក នឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចដែលអ្នកមិនបាននៅទីនោះសម្រាប់ជួយយើងដែរ។ តាមពិតទៅ អ៊ីរ៉ង់ត្រូវបានកម្ទេចស្ទើរតែទាំងស្រុងទៅហើយ។ កន្លែងដែលពិបាកបំផុតបានបញ្ចប់អស់ហើយ។ ទៅរកប្រេងដោយខ្លួនឯងទៅ»។

តើបណ្តាប្រទេសទាំងនោះ ជាពិសេស ចក្រភពអង់គ្លេស នឹងហ៊ានបញ្ចេញភាពក្លាហានទៅប្រឈមមុខនៅច្រកសមុទ្ទហ័រមូស្ស ដោយគ្មានខ្នងបង្អែកអាម៉េរិក ដូចលោក ត្រាំ បង្គាប់ដែរឬទេ..? អស់ពីរិះគន់ចក្រភពអង់គ្លេស ត្រាំ ឆ្លៀតទិតៀនបងធំអឺរ៉ុបទៀតថា៖«ប្រទេសបារាំង មិនអនុញ្ញាតឱ្យយន្តហោះដឹកសម្ភារយោធា ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហោះហើរកាត់ដែនដីរបស់ខ្លួនឡើយ។ ប្រទេសបារាំង បានបង្ហាញជំហរមិនផ្តល់កិច្ចសហការទាល់តែសោះ!..សហរដ្ឋអាម៉េរិកនឹងចងចាំទុក!!!»។ សូមជម្រាបថា បើទោះបីជា ត្រាំ ប្រកាសពីជោគជ័យនៃប្រតិបត្តិការយោធាក៏ដោយ ប៉ុន្តែស្រមោលនៃសង្រ្គាមរយៈពេល៥សប្តាហ៍នេះ បន្សល់ទុកនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ សូម្បីតែនៅសហរដ្ឋអាម៉េរិកខ្លួនឯង ក៏ជួបបញ្ហាសេដ្ឋកិច្ចដែរ។ យ៉ាងណា វោហារសាស្ត្រវាយប្រហារចំៗទៅលើចក្រភពអង់គ្លេស និងបារាំង ដែលជាបងធំអឺរ៉ុបបង្ហាញឱ្យឃើញនូវរលកបែកបាក់ ដែលមិនអាចទាយទុកមុនបាន នៅក្នុងប្លុកសម្ព័ន្ធមិត្តណាតូ ឬអូតង់៕



