អង់គ្លេសបើកដៃឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពខ្លួន ដើម្បីវា.យប្រ.ហារអ៊ីរ៉ង់ ខណៈរដ្ឋធានីតេហេរ៉ង់ព្រមានថា «កំពុងនាំទុក្ខដាក់ខ្លួន»
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីឡុងដ៍៖ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពខ្លួន ដើម្បីបើកការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានយាយីលើនាវាដឹកជញ្ជូននានានៅក្នុងច្រកសមុទ្ទហ័រមូស្ស។ ចំណែកប្រមុខការទូតអ៊ីរ៉ង់ ព្រមានរាជធានីឡុងដ៍ថា កំពុងនាំទុក្ខដល់ប្រជាជនអង់គ្លេសខ្លួនឯង

យោងតាមសេចក្តីថ្លែងការណ៍ពីវិមាន Downing Street (ដោនីង ស្ទ្រីត) ក្រុមរដ្ឋមន្ត្រីអង់គ្លេសបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រទី២០ ខែមីនា ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្ទហ័រមូស្សដោយរដ្ឋធានីតេហេរ៉ង់។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់អង់គ្លេស ក្នុងក្របខ័ណ្ឌការពារខ្លួនសម្រាប់តំបន់ រួមមានទាំងប្រតិបត្តិការរបស់អាម៉េរិក ដើម្បីកម្ទេចទីតាំងមីស៊ីល និងសមត្ថភាពយោធា ដែលអ៊ីរ៉ង់កំពុងប្រើប្រាស់សម្រាប់វាយប្រហារនាវានៅក្នុងច្រកសមុទ្ទហ័រមូស្ស។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) បានបង្ហោះលើបណ្តាញសង្គម X ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គារ ស្តាមើ (Keir Starmer) កំពុងដាក់ជីវិតប្រជាជនអង់គ្លេសឱ្យស្ថិតក្នុងគ្រោះថ្នាក់ ជុំវិញការអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពសម្រាប់ការឈ្លានពានលើអ៊ីរ៉ង់។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ និយាយយ៉ាងខ្លីថា៖«អ៊ីរ៉ង់នឹងប្រើប្រាស់សិទ្ធិការពារខ្លួន»។ គួររំលឹកថា កន្លងមកប្រធានាធិបតី លោក ដូណាល់ ត្រាំ តែងរិះគន់លោក ស្តាមើ យ៉ាងខ្លាំងថា មិនបានជួយអាម៉េរិកឱ្យអស់ពីចិត្ត៕

 លោក គារ ស្តារមើរ
លោក គារ ស្តារមើរ
លោក អាបាស អារ៉ាក់ឈី
លោក អាបាស អារ៉ាក់ឈី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត