
ក្រុងខេមរភូមិន្ទ៖ ទឹកធ្លាក់«ឆាយទឹកច្រាក» ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ៤គីទ្បូម៉ែត្រពីរង្វង់មូលត្រីនាគ (ផ្លូវទៅតំបន់ទេសចរណ៍ជីផាត)។ ទីនេះមិនសូវមានអ្នកស្គាល់ទេ ល្អសម្រាប់អ្នកដែលចង់សម្រាកកាយ ឱ្យឆ្ងាយពីតំបន់ទេសចរណ៍ដែលមានមនុស្សច្រើនអ៊ូអរ...។

មន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា លក្ខណៈពិសេសទឹកធ្លាក់ឆាយទឹកច្រាក គឺមានទឹកជ្រោះនៅក្នុងព្រៃដ៏ថ្លា និងត្រជាក់ លើសពីនេះ មានសំណើមជានិច្ចធ្វើឱ្យស្លែដុះលើថ្ម និងលើដើមឈើមានពណ៌បៃតងស្អាត។ ទឹកធ្លាក់បានបង្កើតជាអាងទឹកធម្មជាតិជាច្រើនកម្រិត អំណោយផលយ៉ាងខ្លាំងដល់ភ្ញៀវទេសចរ អាចហែលទឹកលេងបានយ៉ាងសប្បាយ ជួយឱ្យអារម្មណ៍ស្រស់ថ្លា និងបាត់អស់ភាពហប់ស្អុះដោយសារកម្តៅថ្ងៃ។ តែទោះជាយ៉ាងណា លោកអ្នកក៏ត្រូវគិតពីសុវត្ថិភាពជាចម្បងផងដែរ ព្រោះផ្ទាំងថ្មអាចនឹងមានភាពរអិលខ្លាំងដោយសារស្លែ ដូច្នេះ ការប្រើប្រាស់ស្បែកជើងដើរក្នុងទឹក ឬស្បែកជើងដែលមានបាតស្អិតល្អ គឺជាការចាំបាច់បំផុត។

ប្រសិនបើសិនលោកអ្នកចង់ទៅលេង អាចទំនាក់ទំនងតាមលេខទូរសព្ទសហគមន៍ គឺ ០៨៨ ៨០៤ ២៩៦០ ដើម្បីពួកគាត់បានរៀបចំសេវាកម្មជូនដល់លោកអ្នកនាងបានយ៉ាងល្អ។ មួយវិញទៀត ចំពោះប្រព័ន្ធទូរសព្ទអាចមានការរអាក់រអួលខ្លះ ឬអាចដោយគ្មានសេវា នៅពេលធ្វើដំណើរកាន់តែជ្រៅទៅក្នុងជ្រលងភ្នំនៃស្រុកថ្មបាំង។ មន្ទីរទេសចរណ៍ខេត្តកោះកុង បន្ថែមថា ទឹកធ្លាក់ឆាយទឹកច្រាក ជាតំបន់ការពារដូច្នេះ ភ្ញៀវទេសចរដែលបានទៅលេងពេលបានពិសាអី្វហើយ សូមជួយប្រមូលកាកសំណល់ និងសំរាមត្រឡប់មកវិញផង ដើម្បីរក្សាបរិស្ថានឱ្យបានស្អាត៕



