អ៊ីរ៉ង់ព្រមានកម្ទេចមូលដ្ឋានទ័ពអាម៉េរិក បើនាវាដឹកប្រេងរបស់ខ្លួនរងការវាយប្រ.ហារ
N
Nary Vann
10 ឧសភា 2026 05:30 PM

រដ្ឋធានីតេហេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ព្រមានយ៉ាងកាចសាហាវថា រាល់ការវាយប្រហារណាមួយមកលើនាវាដឹកប្រេង ឬនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់ នឹងត្រូវតបតវិញតាមរយៈការវាយប្រហារធ្ងន់ធ្ងរលើមូលដ្ឋានទ័ពរបស់អាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងនាវាចម្បាំងរបស់សត្រូវផងដែរ។

ការគំរាមកំហែងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំងអាម៉េរិកបានបាញ់ប្រហារលើនាវាដឹកប្រេងអ៊ីរ៉ង់ចំនួនពីរគ្រឿងក្នុងឈូងសមុទ្ទអូម៉ង់ ក្រោមលេសថា អ៊ីរ៉ង់ព្យាយាមបិទខ្ទប់កំពង់ផែអាម៉េរិក។ ចំពេលមានការប៉ះទង្គិចគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araghchi) ក៏បានបង្ហាញមន្ទិលសង្ស័យលើភាពស្មោះត្រង់របស់រដ្ឋធានីវ៉ាស៊ីនតោន ដោយលោកបានបញ្ជាក់ថា ការបង្កើនភាពតានតឹង និងការរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់ពីសំណាក់កងទ័ពអាម៉េរិក បានធ្វើឱ្យអ៊ីរ៉ង់លែងមានទំនុកចិត្តលើផ្លូវការទូតទៀតហើយ។

ទោះបីជាស្ថានភាពយោធាកំពុងពុះកញ្ជ្រោលក្ដី ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែបង្ហាញក្ដីសង្ឃឹមថា នឹងទទួលបានចម្លើយពីរដ្ឋធានីតេហេរ៉ង់ លើសំណើសន្តិភាពដែលបានផ្ញើតាមរយៈប៉ាគីស្ថានជាតួអង្គសម្របសម្រួល ដើម្បីពន្យារពេលបទឈប់បាញ់ និងស្វែងរកការដោះស្រាយវិបត្តិសង្រ្គាមរយៈពេល១០សប្តាហ៍មកនេះ។ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញា បង្ហាញថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងណានោះទេ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានត្រឹមតែបញ្ជាក់ថា សំណើនេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញយ៉ាងដិតដល់។ វិបត្តិនេះកាន់តែមានភាពស្មុគស្មាញដោយសារជម្លោះលើការគ្រប់គ្រងច្រកសមុទ្ទហ័រមូស្ស ជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងដើម្បីប្រើប្រាស់ជាអានុភាពសេដ្ឋកិច្ច ខណៈសហរដ្ឋអាម៉េរិកប្រកាសយ៉ាងដាច់អហង្ការថា មិនអាចទទួលយកបានឡើយ នូវការគ្រប់គ្រងផ្លូវទឹកអន្តរជាតិនេះដោយឯកតោភាគីពីសំណាក់អ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត