
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋសហគមន៍កន្ទួត ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រគល់វត្ថុបុរាណចំនួន៣ រួមមាន ដងខ្លួនទេពស្រីចំនួន១ និងខួចធ្វើពីដីដុតចំនួន២ ទៅឱ្យអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរក្សាទុកអភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។ ប្រជាពលរដ្ឋ បានប្រទះឃើញវត្ថុបុរាណទាំងនេះដោយចៃដន្យ។

ក្រោយពិនិត្យល្អិតល្អន់ អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា វត្ថុបុរាណដងខ្លួនទេពស្រី ធ្វើពីថ្មភក់ រចនាបទកោះកេរ ក្នុងសតវត្សទី១០ ចំណែក ខួច (ឬកុលាភាជន៍) ចំនួន២ ធ្វើពីដីដុត ក្នុងសតវត្សទី១១-១២។ ក្នុងពេលទទួលវត្ថុបុរាណនោះ អាជ្ញាធរ ក៏ប្រទះឃើញសិលាចារឹកចំនួន១ផ្ទាំងទៀតផងដែរ យកមកពីប្រាសាទព្រៃស្វាយ ដោយសិលាចារឹកនោះបានចារលើស៊ុមទ្វារប្រាសាទ មានអក្សរចំនួន៣១បន្ទាត់ ជាភាសាខ្មែរបុរាណ។

ជាថ្មីម្ដងទៀត អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរអគុណចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកជាំក្សាន្ត និងតំបន់នានា ដែលបានចូលរួមសហការប្រគល់វត្ថុបុរាណគ្រប់ប្រភេទដោយស្ម័គ្រចិត្តកន្លងមក ដើម្បីយកមករក្សាទុក និងសិក្សាបន្ដនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ បើតាមអាជ្ញាធរជាតិព្រះវិហារ ការប្រគល់វត្ថុបុរាណមកអ្នកជំនាញរក្សាទុក និងអភិរក្ស បង្ហាញពីស្មារតីក្នុងការចូលរួមកិច្ចការពារវត្ថុបុរាណរបស់បុព្វបុរសខ្មែរ និងលើកតម្លៃមរតកវប្បធម៌ជាតិ៕





