ពលរដ្ឋប្រទេះឃើញព្រះសីសៈទេវរូបមួយអង្គ ហើយប្រគល់ទៅឱ្យអាជ្ញាធរ
S
Soriya Sou
02 កក្កដា 2025 02:00 AM

ខេត្តព្រះវិហារ៖ ព្រះសីសៈទេវរូប (ប្រុស) មួយអង្គ ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកទៅរក្សាទុក សម្រាប់អភិរក្ស។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៥…។

ព្រះកេសទេវរូប ក្នុងរចនាបទសម័យអង្គរ សតវត្សទី១១ ដែលត្រូវបានពលរដ្ឋប្រទះឃើញ និងប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ។
ព្រះកេសទេវរូប ក្នុងរចនាបទសម័យអង្គរ សតវត្សទី១១ ដែលត្រូវបានពលរដ្ឋប្រទះឃើញ និងប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ។

លោក ឆោម ជា អាយុ៤៥ឆ្នាំ រស់នៅភូមិ សែន ជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាអ្នកប្រទះឃើញព្រះសីសៈទេវរូបខាងលើ នៅពេលលោកកំពុងសម្អាតស្មៅតាមរោងដំឡូង (ជាទីតាំងបុរាណមួយកន្លែង)។ ព្រះសីសៈទេវរូបនេះ មានទទឹង១៨ស.ម, កម្ពស់២៨ស.ម, កម្រាស់១៦ស.ម និងមានស្នាមសឹករេចរិលនៅផ្នែកខាងមុខ ហើយបែកបាក់នៅផ្នែកខាងលើ ក្នុងរចនាបទសម័យអង្គរ សតវត្សទី១១។ ក្រៅពីព្រះកេសទេវរូប ទីតាំងនេះក៏ធ្លាប់ត្រូវបានរកឃើញមានបំណែកកុលាលភាជន៍(ឬក្អម, ចាន, ឆ្នាំ) ជាច្រើនទៀតផងដែរ។ ក្រោយទទួលបានដំណឹងពីពលរដ្ឋ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារបានទៅទទួលព្រះសីសៈទេវរូបនេះ ដើម្បីរក្សាទុកនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ សម្រាប់អភិក្ស និងដាក់តាំងបង្ហាញដល់ប្រជាពលរដ្ឋបានទស្សនា។

អាជ្ញាធរជាតិព្រះវិហារ ទទួលកេសទេវរូប (ប្រុស) ចំនួន១ ពីប្រជាពលរដ្ឋ។
អាជ្ញាធរជាតិព្រះវិហារ ទទួលកេសទេវរូប (ប្រុស) ចំនួន១ ពីប្រជាពលរដ្ឋ។

ក្នុងនាមអាជ្ញាធរជាតិព្រះវិហារ លោកបានអរគុណចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោក ឆោម ជា ជាប្រជាពលរដ្ឋដែលបានប្រទះឃើញព្រះសីសៈទេវរូប និងស្ម័គ្រចិត្តប្រគល់វត្ថុបុរាណនេះដល់អាជ្ញាធរជាតិព្រះវិហារ។ សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានការប្រទះឃើញ និងប្រគល់វត្ថុបុរាណពីសំណាក់ប្រជាពលរដ្ឋមកដល់អាជ្ញាធរ ដោយកន្លងមក អាជ្ញារធរជាតិព្រះវិហារតែងតែបានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងប្រជាពលរដ្ឋដែលបានប្រទះឃើញ និងស្ម័គ្រចិត្តប្រគល់ ជូនមកសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីអភិរក្ស និងថែរក្សា ទុកជាបេតិកភណ្ឌរបស់ជាតិ៕

អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹក១ ផ្ទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១​ ពីពលរដ្ឋកាលពីពេលថ្មីៗកន្លងទៅ។
អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹក១ ផ្ទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១​ ពីពលរដ្ឋកាលពីពេលថ្មីៗកន្លងទៅ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត