ជួយសង្គ្រោះរួចហើយ! អ្នកជំនាញរំពឹងថា «ប្រាសាទបក្សីចាំក្រុង» នឹងឈររឹងមាំរាប់រយឆ្នាំទៅមុខ
អុន សម្ផស្ស
09 ឧសភា 2026 05:00 PM

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ប្រកាសបិទបញ្ចប់ការងារសង្រ្គោះប្រាសាទបក្សីចាំក្រុង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ទន្ទឹមនឹងការបញ្ចប់កិច្ចការជួសជុលសង្គ្រោះបន្ទាន់ អ្នកជំនាញរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត...។

គម្រោងសង្គ្រោះបន្ទាន់ ដោយទល់ទ្រ និងជួសជុលពង្រឹងឡើងវិញទាំងស្រុងនៃប្រាសាទបក្សីចាំក្រុង ត្រូវបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោង លើកឡើងពីចំណុចដែលប្រឈមខ្លាំងនៃប្រាសាទ មុនជួសជុល រួមមាន ផ្នែកដំបូលមានឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់។

លោក ពុទ្ធ សុទ្ធ បញ្ជាក់ថា៖«ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ព័ន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើម ដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអ ពង្រឹងបន្ថែមជាដើម»។ ទោះជួសជុលរួច ក៏ប៉ុន្តែក្រុមការងារនៅតែរក្សាអន្ទាទុកមួយរយៈសិន ដើម្បីតាមដានពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដើម្បីធានាពីភាពធន់ ជាប់យូរអង្វែង។ បន្ថែមលើនោះ លោក ពុទ្ធ សុទ្ធ សង្ឃឹមថា នឹងមានការគម្រោងជួសជុលនៅដំណាក់កាលបន្ទាប់ទៀត ព្រោះចំណុចខ្លះ ដូចជា ខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុលផងដែរ។

ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដើម្បីការពារគ្រឹះប្រាសាទ និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទ។ លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រ មានអាយុកាលជាង១ពាន់ឆ្នាំនេះ។ អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែងសម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរតជំនាន់ក្រោយរាប់រយឆ្នាំតទៅមុខទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត