អាជ្ញាធរអប្សរា ប្រាប់មគ្គុទេសក៍ទេសចរណ៍ កុំនាំភ្ញៀវដើរច្រើនកន្លែងពេកក្នុងពេលអាកាសធាតុក្ដៅខ្លាំង
S
Soriya Sou
10 មេសា 2026 07:10 AM

ក្រុងសៀមរាប៖ ដោយមើលឃើញពីកត្តាអាកាសធាតុក្នុងខែមេសា បន្តកើនកម្ដៅដែលអាចបង្កជាបញ្ហាប្រឈម អាជ្ញាធរជាតិអប្សរា បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសភ្ញៀវដែលដើរកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរឱ្យប្រុងប្រយ័ត្នចំពោះសុខភាព ហើយក្នុង១ថ្ងៃ មគ្គុទ្ទេសក៍ទេសចរណ៍ (ឬហ្កាយ) មិនត្រូវនាំភ្ញៀវដើរច្រើនពេកកន្លែងនោះទេ…។

អាជ្ញាធរជាតិអប្សរា បានបង្ហាញការព្រួយបារម្ភ ហើយប្រាប់ដល់បណ្តាសមាគម និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យ រួមទាំងសមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរថា អាកាសធាតុ នឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្ដៅខ្លាំង ដែលអាចជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ ដូច្នេះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរជាតិអប្សរាសំណូមពរឱ្យសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់, ពាក់មួកការពារកម្ដៅថ្ងៃ ជាពិសេស ចូលរួមប្រើប្រាស់មួកស្លឹកត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ, ស្លៀកសំលៀកបំពាក់សមរម្យ ដែលបង្កភាពងាយស្រួលដល់ខ្លួនស្របតាមក្រមប្រតិបត្តិអង្គរ និងប្រើប្រាស់ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ។

សមាគម និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមទាំងអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយត្រូវចែករំលែកព័ត៌មានជូនភ្ញៀវពីស្ថានភាពអាកាសធាតុក្ដៅ និងមធ្យោបាយការពារឱ្យបានតាមគ្រប់រូបភាពតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ទន្ទឹមគ្នា ត្រូវកំណត់កាលវិភាគទស្សនាឱ្យបានសមរម្យ ចៀសវាងរៀបចំដំណើរទស្សនកិច្ចច្រើនកន្លែងពេកក្នុងមួយថ្ងៃ។

អាជ្ញាធរអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋរស់នៅជុំវិញឧទ្យានអង្គរ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបានការចោលសម្ភារ ឬឧបករណ៍, ការដុតសំរាមផ្សេងៗទុកចោលដែលងាយឆាបឆេះ ដើម្បីចូលរួមបង្ការឱ្យបានការឆេះព្រៃ និងផ្ទះសម្បែងជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត