
ខេត្តព្រះវិហារ៖ អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា លោក ធន់ វឌ្ឍនា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំតំណាងស្ថានទូតចំនួន៧ រួមមាន សហភាពអឺរ៉ុប(EU), ទីម័រឡេស្តេ, ចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម, និងឡាវ ចុះទៅពិនិត្យមើលជាក់ស្តែងពីទំហំនៃការខូចខាតប្រាសាទព្រះវិហារ ដោយសង្គ្រាមថៃឈ្លានពាន។ អនុប្រធានទី២ព្រឹទ្ធសភា ហៅដំណើរនោះថា ជាបេសកកម្មការទូត ដើម្បីសន្តិភាព និងការសង្គ្រោះបេតិកភណ្ឌសកល។

ក្នុងដំណើរចុះមើលផ្ទាល់នេះ មន្ត្រីបរទេស ទទួលស្ដាប់បទបង្ហាញយ៉ាងលម្អិតពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអង្គភាពស៊ីម៉ាក់ (CMAC) អំពីស្ថានភាពប្រាសាទព្រះវិហារ។ តាមរបាយការណ៍បច្ចេកទេស ទំហំនៃការខូចខាតដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទ មានសភាពគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយមានចំណុចខូចខាតសរុបរហូតដល់៥៦២កន្លែងលើប្រាសាទបុរាណទាំងមូល ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។

ចំពោះមុខស្ថានភាពដ៏ធ្ងន់ធ្ងរនេះ លោក ធន់ វឌ្ឍនា អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត«មូលនិធិជួសជុលប្រាសាទ»ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង ៥៦២កន្លែងនោះ និង«មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោក គូសរំលេចថា៖«បេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ ប៉ុន្តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក»។

លោកមានជំនឿយ៉ាងមុតមាំថា កម្ពុជា-ថៃ ព្រមទាំងសហគមន៍អន្តរជាតិនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជួសជុលប្រាសាទឡើងវិញ និងនាំសន្តិភាព និងវិបុលភាពយូរអង្វែង ពិសេសសម្រាប់បងប្អូនប្រជាជននៅតាមបណ្តោយព្រំដែន។ ទន្ទឹមគ្នាលោកបញ្ជាក់ ប្រាប់គណៈប្រតិភូបរទេសថា កម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕






