
ទីក្រុងសេប៊ូ៖ មេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រទី៨ ខែឧសភានេះ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាអំពីដំណោះស្រាយ ចំពោះផលប៉ះពាល់នៃវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ពិសេសផ្នែកថាមពល ដែលបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។

ជាមួយគ្នា គេក៏រំពឹងដែរថា មេដឹកនាំអាស៊ាន នឹងជំរុញឱ្យមានយុទ្ធសាស្ត្ររួមគ្នា ដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារ នៅក្នុងតំបន់ដែលកំពុងរងគ្រោះខ្លាំងដោយសារការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្សរយៈពេលជាង២ខែមកនេះ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos Jr.) បានថ្លែងថា អាស៊ានកំពុងឈរជាមួយគ្នាដើម្បីបង្ហាញពីសមត្ថភាពក្នុងការឆ្លើយតបដោយសាមគ្គីភាព និងការប្តេជ្ញាចិត្ត ប៉ុន្តែត្រូវតែរក្សាភាពរហ័សរហួន។ លោកបានសង្កត់ធ្ងន់ថា៖«យើងត្រូវតែធានានូវសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់។ ក្នុងគ្រាដែលមានភាពប្រែប្រួលខ្លាំងបែបនេះ អាស៊ានត្រូវតែពង្រឹងការសម្របសម្រួល និងបង្កើនការត្រៀមលក្ខណៈ បន្តវិធានការរួមគ្នាជាក់ស្តែង ដើម្បីការពារការផ្គត់ផ្គង់ថាមពលឱ្យមានស្ថិរភាព និងកែលម្អការតភ្ជាប់រវាងគ្នា»។

ជាមួយគ្នា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានជួបប្រជុំគ្នា កាលពីទី៧ ខែឧសភា ហើយបានកំណត់វិធានការឆ្លើយតបជាក់ស្តែង និងជាក់លាក់ដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារ ប៉ុន្តែសំណើទាំងនោះមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។ វិធានការទាំងនោះ រួមមាន ការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន ព្រមទាំងការបង្កើតពិធីសារទំនាក់ទំនងក្នុងគ្រាមានវិបត្តិ ប៉ុន្តែនៅមិនទាន់ច្បាស់ថា តើសកម្មភាពអ្វីខ្លះនឹងត្រូវអនុវត្តពិតប្រាកដ? ប្លុកដែលមានប្រជាជនជិត៧០០លាននាក់នេះ កំពុងប្រឈមនឹងហានិភ័យខ្លាំងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់។ ទន្ទឹមនេះ ហ្វីលីពីន គឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានប្រកាសអាសន្នផ្នែកថាមពល និងជំរុញឱ្យមានការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌចែករំលែកប្រេងអាស៊ាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងពាណិជ្ជកម្ម។

មិនមែនគ្រាន់តែសង្គ្រាមនៅអ៊ីរ៉ង់នោះទេ វិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជាប្រធានបទស្នូលនៃកិច្ចប្រជុំលើទឹកដីហ្វីលីពីនដែរ។ មេដឹកនាំហ្វីលីពីន បានរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) បានព្រមព្រៀងគ្នាកសាងទំនុកចិត្តទៅវិញទៅមកឡើងវិញ ខណៈជំនួបទល់មុខនេះ កើតឡើងស្របពេលមានភាពតានតឹងជុំវិញជម្លោះព្រំដែនគោក និងដែនសមុទ្ទរវាងប្រទេសទាំង២ ហើយបន្ថែមពីនេះ ភាគីថៃទើបនឹងដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU ៤៤។ ពាក់ព័ន្ធនឹងការដកខ្លួនរបស់ថៃចេញពី MoU ៤៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការចាប់ផ្តើមនីតិវិធីសម្រុះសម្រួលជាកំហិត ឬវិធានការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS)៕




