ខួប២៧ឆ្នាំក្លាយជាសមាជិកអាស៊ាន! កម្ពុជារំឭកប្រទេសឯទៀតឱ្យជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះ
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលកម្ពុជា អបអរសាទរខួប២៧ឆ្នាំដែលបានក្លាយខ្លួនជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរលើបណ្តាញសង្គម។ ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានផ្ញើសារអបអរដាច់ដោយឡែកមួយ ដោយភ្ជាប់ជាមួយការរំឭកដល់បណ្តាប្រទេសជាសមាជិកផ្សេងទៀត ឱ្យគោរពគោលការណ៍ និងជ្រើសយកផ្លូវសន្តិភាពជាជាងការបង្កជម្លោះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានយកឱកាសនេះ គូសបញ្ជាក់ពីសារសំខាន់ នៃភាពស្ថិតស្ថិរយូរអង្វែង នៃគោលការណ៍គ្រឹះរបស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍រួមមាន៖ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យប្រទេសសមាជិកអាស៊ាន អាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែលកំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងទិដ្ឋភាពសាកល ដែលមានកើនឡើងភាពមិនប្រាកដប្រជា និងការរំលោភបំពាននាពេលបច្ចុប្បន្ន គោលការណ៍ទាំងនេះ កាន់តែមានសារសំខាន់ជាងពេលណាៗទាំងអស់។

មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០២៥។
មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០២៥។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា«ក្នុងនាមជាគ្រួសាររួមគ្នាមួយ យើង[សមាជិកអាស៊ាន១១ប្រទេសត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ និងជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះ»។ ភ្ជាប់ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា ក្នុងរយៈពេល២៧ឆ្នាំកន្លងមក អាស៊ាន បានដើរតួជាវេទិកាមួយ ដែលមិនអាចខ្វះបានសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនសំឡេងរបស់កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងចំណោមបណ្តាវិស័យផ្សេងៗ កម្ពុជាបានពង្រីកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគបង្កើនការតភ្ជាប់តំបន់ ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ បង្រួមគម្លាតអភិវឌ្ឍន៍ ព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា  
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា  

កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកប្រកបដោយអត្ថន័យដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់ឱ្យពួកគាត់ នូវការត្រៀមលក្ខណៈជាស្រេច និងបន្សំចំពោះអនាគត។ កម្ពុជាក៏ជាអ្នករួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងសមាហរណកម្មរបស់អាស៊ានផងដែរ។ គួរជ្រាបថា ចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០មេសា ឆ្នាំ១៩៩៩ កម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានចំនួន៣លើក ដោយបានដឹកនាំសមាគមមួយនេះ ឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើន នៃដំណើរការវិវឌ្ឍន៍របស់ខ្លួន។ ជាមួយគ្នា កម្ពុជាក៏បានជំរុញកិច្ចសន្ទនាក្នុងតំបន់ ពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងមានការវិវឌ្ឍឥតឈប់ឈរ ព្រមទាំងបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់សសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។

ការចូលរួមយ៉ាងសកម្ម និងវិភាគទានប្រកបដោយស្ថាបនារបស់កម្ពុជា គូសបញ្ជាក់ឱ្យឃើញថា ការចូលជាសមាជិកអាស៊ាន បានពង្រឹងមជ្ឈភាពអាស៊ាន ភាពធន់ និងសមត្ថភាពរួមរបស់អាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមតំបន់ និងជាសាកល។ ក្នុងន័យនេះ កម្ពុជារក្សាការប្តេជ្ញាយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥។ ដោយរួមគ្នា កម្ពុជានឹងបន្តពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ព្រមទាំងកសាងសហគមន៍អាស៊ានមួយដែលកាន់តែស្អិតល្មួតគ្នា ប្រកបដោយបរិយាបន្ន និងភាពធន់, ជាសហគមន៍មួយដែលផ្តោតលើផលប្រយោជន៍ប្រជាជនពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះប្រជាជន ដោយមិនបោះបង់នរណាម្នាក់ឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត