
បទបរិយាយ៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ថៃតែងចាត់ទុកខ្លួនឯងជាដែនដីនៃស្នាមញញឹម និងជាឋានសួគ៌នៃទេសចរណ៍ ហើយព្យាយាមលាបពណ៌មកលើប្រទេសជិតខាង ជាពិសេស«កម្ពុជា» ពីរឿងការបោកបញ្ឆោតតាមអនឡាញ និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។ យ៉ាងណា ដំរីងាប់មិនអាចយកចង្អេរបាំងឡើយ ដោយការពិតបានលាតត្រដាងយ៉ាងអាម៉ាស់បំផុត ព្រោះថា នៅក្រោមពន្លឺភ្លើងពណ៌ដ៏ឆើតឆាយនៃរាជធានីបាងកក មានអាណាចក្រដ៏ខ្មៅងងឹតមួយបានរីកដុះដាលយ៉ាងស្ងប់ស្ងាត់បំផុត នោះគឺ«ឧស្សាហកម្មឆបោកអនឡាញ» ដែលធ្វើឱ្យថៃប្រែក្លាយជាចំណុចកណ្តាល ឬជាស្នូលនៃមេរោគឌីជីថលដ៏គ្រោះថ្នាក់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរីសតប្រណីតមួយកន្លែងនៅកោះភូកេត ប្រទេសថៃ ពីបទបោកប្រាស់ជនជាតិអាម៉េរិកជាង១០លានដុល្លារ។ នេះជាសក្ខីភាពមួយបង្ហាញយ៉ោងប្រត្យក្សថា ទឹកដីប្រទេសថៃ គឺជាកន្លែងលាក់ខ្លួនដ៏អាថ៌កម្បាំង និងជាទីតាំងលាងលុយកខ្វក់ដ៏គគ្រឹកគ្រេងរបស់ពួកឧក្រិដ្ឋជនមេខ្លោងឆបោកលំដាប់អន្តរជាតិ។ តាមពិតទៅ មិនមែននៅសុខៗ ថៃដេកនឹកឃើញទៅចាប់ខ្លួនឧក្រិដ្ឋជនរូបនេះនោះទេ ប៉ុន្តែដោយសារមានការផ្ដល់ដំណឹង និងដាក់សម្ពាធពី FBI របស់សហរដ្ឋអាម៉េរិ។ បើគ្មានសម្ពាធអន្តរជាតិទេ ម្ល៉ោះថ្មើរនេះ ឧក្រិដ្ឋជនរូបនោះនៅតែបន្តប្រើប្រាស់ប្រទេសថៃ ជាឋានសួគ៌ក្រោមមេឃសម្រាប់សោយសុខបាត់ទៅហើយ។

ថ្មីៗនេះ ថៃក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់២៦០លានដុល្លារអាម៉េរិក ប៉ុន្តែបែរជាលើកដៃចង្អុរប្រាប់ពិភពលោកថា បណ្ដាញលាងលុយកខ្វក់ទាំងនោះមានមូលដ្ឋានមកពីប្រទេសកម្ពុជាទៅវិញ។ យ៉ាងណា ការលាបពណ៌កម្ពុជាដោយគ្មានមូលដ្ឋាននេះ ហាក់កំពុង«ស្ដោះទឹកមាត់លើទ្រូងខ្លួនឯង» ព្រោះថា ការរឹបអូសទ្រព្យសម្បត្តិទាំងនេះកើតឡើងនៅលើទឹកដីថៃផ្ទាល់ និងពាក់ព័ន្ធជាមួយប្រជាជនជាតិថៃខ្លួនឯងជាច្រើននាក់ផងដែរ។ បំណាច់នឹងចង់បៀមឈាមព្រួសដាក់អ្នកដទៃ ស្រាប់តែ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) បានព្យាយាមទម្លាក់កំហុស និងលើកឈ្មោះបុគ្គលមកពីកម្ពុជាចូលពាក់ព័ន្ធទៅក្នុងសំណុំរឿងនេះ ដើម្បីបំភ្លៃការពិតចំពោះឆាកអន្តរជាតិ ទាំងដែលឥស្សរជន និងប្រជាជនថៃជាច្រើន ជាអ្នកពាក់ព័ន្ធដោយផ្ទាល់។

សំណួរសួរថា បើប្រព័ន្ធសន្តិសុខរឹងមាំ ហើយថៃជាប្រទេសស្អាតស្អំ តើបណ្ដាញឧក្រិដ្ឋកម្មទាំងនេះអាចចាក់ឫសបានយ៉ាងជ្រៅក្នុងទឹកដីថៃ បានដោយរបៀបណា? ហើយអនុញ្ញាតឱ្យឧក្រិដ្ឋជនទាំងនោះទិញរបស់របរប្រើប្រាស់ប្រណីតៗ ផ្ទះវីឡា និងរថយន្តទំនើបៗនៅលើទឹកដីថៃបានយ៉ាងងាយស្រួលបែបនេះ? នេះគឺជាភស្តុតាងយ៉ាងពិតប្រាកដបង្ហាញពីអំពើពុករលួយ និងភាពធូររលុងនៃច្បាប់របស់ប្រទេសថៃផ្ទាល់។ ក្រៅពីនេះ ថៃក៏បានរកឃើញប៉ុស្តិ៍ប៉ូលិសក្លែងក្លាយ និងសម្បុកឆបោកនៅលើដីថៃផ្ទាល់ផងដែរ ដូចជាករណីនៅខេត្តសុរិន្ទ និងរាជធានីបាងកក គឺជាទឡ្ហីករណ៍ជាក់ស្តែង។ នេះសបញ្ជាក់ថា មេខ្លោងពិតប្រាកដ ដែលកាងឧក្រិដ្ឋកម្មនេះ គឺអ្នកមានអំណាចនៅក្នុងស្រុកថៃតែម្ដង មិនដូចអ្វីដែលថៃធ្លាប់ចោទប្រកាន់កម្ពុជានោះទេ ព្រោះថា គ្មានប្រជាជនខ្មែរណាទៅធ្វើជាជន្ទល់កាងអំណាច និងលាក់បាំងអំពើឆបោកនេះនៅក្នុងទឹកដីថៃបានឡើយ។

អ្វីដែលគួរឱ្យហួសចិត្តនោះ គឺថា ក្នុងរយៈពេលចុងក្រោយនេះ ថៃបានប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដើម្បីផ្សាយព័ត៌មានបំភ្លៃការពិតអំពីកម្ពុជា ដោយភាគីថៃបានយកលេសរឿងស្គេមអនឡាញជាទ្រនាប់ដើម្បីបើកការឈ្លានពានកម្ពុជាយ៉ាងសាហាវ ព្រៃផ្សៃ ឃោរឃៅ និងយង់ឃ្នងជាទីបំផុត។ យ៉ាងណា ការយកលេសឆបោកតាមអនឡាញ រួចបើកការវាយប្រហារឈ្លានពានកម្ពុជាបែបនេះ គឺជាការព្យាយាមលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង និងការអនុវត្តច្បាប់ក្នុងទឹកដីកម្ពុជា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិខ្មែរ ទាំងដែលប្រទេសថៃខ្លួនឯងគឺជាសម្បុកនៃបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញធំបំផុតនៅអាស៊ីអាគ្នេយ៍។ សូម្បីតែចិនក៏បានចេញសារព្រមានពលរដ្ឋខ្លួនកុំឱ្យចាញ់ល្បិចក្រុមឆបោកនៅក្នុងប្រទេសថៃផងដែរ ទន្ទឹមនឹងប្រមុខការទូតចចកចម្បាំង លោក វ៉ាង យី បានជំរុញឱ្យភាគីថៃ លុបបំបាត់ឧក្រិដ្ឋកម្មបណ្តាញឆបោកឆ្លងដែននេះ។

ស្រដៀងនឹងធ្វើដាក់កម្ពុជាដែរ ថៃបានព្យាយាមប្រើប្រាស់លេសនៃអំពើឆបោកតាមអនឡាញ ដើម្បីចោទប្រកាន់ភូមា ឬមីយ៉ាន់ម៉ា ថាជាសម្បុកឧក្រិដ្ឋកម្ម ក្នុងគោលបំណងបិទបាំងមុខមាត់ពិតរបស់ខ្លួន ដែលជាមេក្លោងធំ នៅពីក្រោយឧក្រិដ្ឋកម្មនេះ។ ហេតុអ្វីបានជាថៃជាមេក្លោងនៅក្រោយឧក្រិដ្ឋកម្មនៅភូមា...? នោះក៏ព្រោះតែថៃជាអ្នកផ្គត់ផ្គង់អាវុធឌីជីថលដល់បណ្តាញក្រុមទាំងនោះ។ បើគ្មានខ្សែកាបអ៊ីនធឺណិត និងសញ្ញាទូរសព្ទចេញពីក្រុមហ៊ុនថៃទេ មជ្ឈមណ្ឌលស្គេមនៅតាមព្រំដែនភូមាទាំងនោះមិនអាចដំណើរការបានឡើយ។ មេខ្លោងធំៗ និងបណ្តាញក្រុមលាងលុយកខ្វក់ កំពុងអង្គុយបញ្ជាយ៉ាងសុខស្រួលចេញពីរាជធានីបាងកក។

កន្លងទៅ របាយការណ៍សម្ងាត់បានបង្ហាញថា ជនជាតិថៃរាប់ពាន់បានចូលរួមក្នុងប្រតិបត្តិការឆបោកតាមអនឡាញ ប៉ុន្តែនៅពេលបង្ក្រាបចាប់បាន ពួកគេបែរជាប្រើល្បិចយំសោកបោកខ្លួន សម្ដែងធ្វើជាជនរងគ្រោះទៅវិញ។ ជាក់ស្តែង អំពើបឆោកអនឡាញនៅថៃ នៅតែបន្តរីកដុះដាលដូចផ្សិត ដូចជា នៅតំបន់សេដ្ឋកិច្ចពិសេសស្វេកុកកូ (Shwe Kokko) និងតំបន់ផ្សេងទៀតនៅតាមបណ្តោយព្រំដែនជាប់ភូមា។ SBM News បានដាក់ចំណងជើងបែបសំណួរថា «តើថៃ ពិតជាអាណាចក្រឆបោកតាមអនឡាញមែនឬ?» មិនមែនជារឿងចៃដន្យឡើយ នៅត្រង់ថា ថៃជាចំណុចប្រសព្វដ៏គ្រោះថ្នាក់នៃឧក្រិដ្ឋជន និងជនរងគ្រោះ។ ប្រសិនបើថៃអនុវត្តដោយស្អាតស្អំ និងតម្លាភាព ម្ល៉េះការឆបោកតាមអនឡាញមិនអាចរីករាលដាលទូទាំងតំបន់ដល់ថ្នាក់នេះទេ។ នេះបង្ហាញថា ថៃកំពុងតែហុចបំពង់អុកស៊ីសែនឱ្យទៅឧក្រិដ្ឋជន ប៉ុន្តែបែរជាលាបពណ៌កម្ពុជាទៅវិញ។

អ្វីដែលគួរឱ្យអស់សំណើច និងអាម៉ាស់បំផុតទៀតនោះ គឺថា រាជធានីបាងកក ដែលជាបេះដូង និងជាមជ្ឈមណ្ឌលទេសចរណ៍របស់ប្រទេសថៃ បានបោកប្រាស់ភ្ញៀវទេសចរស្រស់ៗនឹងភ្នែក ដោយតៃកុងតាក់ស៊ី និងរម៉កកង់បីរបស់ថៃមួយចំនួនធំ បានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបំផុត ដោយប្រើល្បិចបោកប្រាស់ យកប្រាក់ពីភ្ញៀវទេសចរថ្លៃហួសហេតុ ខណៈអាជ្ញាធរថៃបិទភ្នែក បិទត្រចៀក ធ្វើមិនដឹងមិនឮ។ ទាំងនេះយើងអាចទាំញសេចក្តីសន្និដ្ឋានបានថា ថៃគឺពិតជាអាណាចក្រឆបោកតាមអនឡាញយ៉ាងពិតប្រាកដមែន ហើយការទម្លាក់កំហុសមកលើកម្ពុជា គ្រាន់តែជាល្បិចបំភ័ន្តភ្នែកអន្តរជាតិ ដោះស្រាយយកល្អតែខ្លួនឯងប៉ុណ្ណោះ៕





