តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បន្ថយទោស៨ឆ្នាំដល់អតីតនាយករដ្ឋមន្ត្រី លោក ហាន់ ដុកស៊ូ
ហៀប ស៊ីថេត
07 ឧសភា 2026 12:30 PM

រដ្ឋធានីសេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង ជាតុលាការជាន់ខ្ពស់ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគារដល់អតីតនាយករដ្ឋមន្ត្រី លោក ហាន់ ដុកស៊ូ (Han Duck-soo) ចំនួន៨ឆ្នាំ គឺពី២៣ឆ្នាំ ធ្លាក់មកនៅ១៥ឆ្នាំវិញ ពាក់ព័ន្ធនឹងការចូលរួមចំណែកក្នុងការប្រកាសច្បាប់អាជ្ញាសឹកដ៏ចលាចលកាលពីចុងឆ្នាំ២០២៤។

ក្នុងសាលក្រម ដែលត្រូវបានប្រកាសនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ចៅក្រមនៃតុលាការឧទ្ធរណ៍រដ្ឋធានីសេអ៊ូល បានលើកឡើងពីហេតុផលសំខាន់ៗដែលឈានទៅដល់ការបន្ធូរបន្ថយទោស។ តុលាការបានពិចារណាលើប្រវត្តិការងាររបស់លោក ហាន់ ដែលបានបម្រើការជាមន្ត្រីសាធារណៈជាង៥០ឆ្នាំ និងបានទទួលគ្រឿងឥស្សរិយយសជាច្រើនសម្រាប់ស្នាដៃជូនជាតិ។ លើសពីនេះ ចៅក្រមយល់ឃើញថា មិនមានភស្តុតាងរឹងមាំណា ដែលបង្ហាញថា លោក ហាន់ បានចូលរួមរៀបចំផែនការបះបោរជាប្រព័ន្ធ ឬបានដឹកនាំប្រតិបត្តិការដោយផ្ទាល់នោះទេ។

លោក ហាន់ ដុកស៊ូ
លោក ហាន់ ដុកស៊ូ

ទោះជាយ៉ាងណាក៏ដោយ តុលាការនៅតែរក្សាការចោទប្រកាន់ ដោយបញ្ជាក់ថា លោក ហាន់ បានបោះបង់ចោលការទទួលខុសត្រូវ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ ហើយបានជ្រើសរើសឈរនៅខាងក្រុមអ្នកបះបោរ ជំនួសឱ្យការការពាររដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ ចៅក្រម បានបើកបង្ហាញថា លោក ហាន់ គឺជាបុគ្គលដែលធ្លាប់ឆ្លងកាត់របបផ្តាច់ការ និងការប្រកាសច្បាប់អាជ្ញាសឹកខុសច្បាប់កាលពីទសវត្សរ៍៧០ និង ៨០ ដូច្នេះ លោកគួរតែយល់ច្បាស់ពីផលវិបាក និងភាពអសន្តិសុខដែលកើតចេញពីសកម្មភាពបែបនេះ។

តុលាការចោទទៀតថា លោក ហាន់ មិនបានជួយទប់ស្កាត់បញ្ជារបស់លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) ឡើយ ទោះបីជាដឹងថា វាជារឿងខុសច្បាប់ក៏ដោយ។ សូមជម្រាបថា លោក យូន ស៊ុកយ៉ុល កំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទដឹកនាំការបះបោរ។ ចំណែក លោកស្រី គីម គុនហ៊ី (Kim Keon Hee)  អតីតស្រ្តីទី១ និងជាភរិយាលោក យូន ស៊ុកយ៉ុល ត្រូវបានបង្កើនទោសដល់៤ឆ្នាំ ក្នុងសំណុំរឿងពុករលួយ និងបន្លំភាគហ៊ុន៕

លោក យូន ស៊ុកយ៉ុល
លោក យូន ស៊ុកយ៉ុល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត