
រដ្ឋធានីសេអ៊ូល៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៧ ខែឧសភានេះថា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ទោះបីជាកូរ៉េខាងជើង បានកែប្រែរដ្ឋធម្មនុញ្ញ ដោយលុបចោលរាល់ខ្លឹមសារដែលនិយាយពីការបង្រួបបង្រួមជាតិរវាងប្រទេសទាំង២ក៏ដោយ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការលេចធ្លាយខ្លឹមសារច្បាប់កំពូលថ្មីរបស់រដ្ឋធានីព្យុងយ៉ាង ដែលលែងចាត់ទុកកូរ៉េខាងត្បូងជាបងប្អូនជនជាតិរួមឈាមទៀតហើយ ប៉ុន្តែបែរជាកំណត់យកកូរ៉េខាងត្បូងជាសត្រូវដាច់ដោយឡែកពីគ្នាទៅវិញ។ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae Myung) បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យឱ្យបានហ្មត់ចត់លើរាល់ការផ្លាស់ប្ដូររបស់កូរ៉េខាងជើង ប៉ុន្តែនឹងនៅតែរក្សាគោលនយោបាយរស់នៅជាមួយគ្នាដោយសន្តិភាព នៅលើឧបទ្វីបកូរ៉េដដែល។ ផ្ទុយពីកូរ៉េខាងជើង រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង នៅតែមានចំណុចចងភ្ជាប់យ៉ាងរឹងមាំនូវការប្តេជ្ញាចិត្តចំពោះការបង្រួបបង្រួមជាតិដោយសន្តិវិធី។ លោក លី ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំនិយមសន្តិភាព បានព្យាយាមអំពាវនាវឱ្យមានការចរចា និងថែមទាំងបានបញ្ចុះបញ្ចូលសហរដ្ឋអាម៉េរិកឱ្យជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនកូរ៉េខាងជើងទៀតផង។

ទោះបីជាមានការបន្ទន់ឥរិយាបថពីសំណាក់រដ្ឋធានីសេអ៊ូលយ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងទាំងនេះហាក់មិនទទួលបានលទ្ធផលជាវិជ្ជមានឡើយ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានច្រានចោលសំណើសន្តិភាពរបស់លោក លី ដោយឌឺដងថា វាគ្រាន់តែជាល្ខោនបោកប្រាស់ដ៏ឆ្គាំឆ្គងតែប៉ុណ្ណោះ។ លោក គីម បានបញ្ជាក់យ៉ាងច្បាស់នៅដើមឆ្នាំ២០២៦ថា កូរ៉េខាងជើងគ្មានការងារអ្វីដែលត្រូវជជែកជាមួយកូរ៉េខាងត្បូងទៀតទេ ហើយបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងបងប្អូនជារៀងរហូត ដែលធ្វើឱ្យស្ថានភាពរវាងប្រទេសទាំងពីរ កាន់តែស្ថិតក្នុងភាពមិនច្បាស់លាស់ និងប្រឈមនឹងគ្រោះថ្នាក់សង្រ្គាមគ្រប់វិនាទី៕



