
រាជធានីភ្នំពេញ៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសារទទួលឥទ្ធិពលពីព្យុះទី៥ឈ្មោះ ហាហ្គូពីត (Hagupit) ដែលកំពុងកើតនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងព្យាករថា៖«សម្ពាធទាបដែលកើតនៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ហាហ្គូពីត ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងមកលើផ្ទៃប្រទេសកម្ពុជាផងដែរ»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០ភាគរយ។

ចំណែកតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទ រួមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ព្រះសីហនុ កំពត កែប ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។ រលកសមុទ្ទបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។ ដោយផ្អែកលើកាព្យាករនេះ ក្រសួង អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងច្រើននៅពេលភ្លៀងដើមរដូវវស្សា ជាពិសេសបងប្អូនដែល ធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ បន្ថែមលើនោះ ក្រសួងថា នឹងបន្តធ្វើការតាមដាន វិភាគអំពីស្ថានភាពធាតុអាកាសនេះជាបន្តទៀត៕



