គុយបាឆេះដុំ ចំពោះការគំរាមកំហែងយោធារបស់អាម៉េរិក និងចាត់ទុកជា «ឧក្រិ.ដ្ឋកម្មអន្តរជាតិ»
ហៀប ស៊ីថេត
07 ឧសភា 2026 02:00 PM

រដ្ឋធានីហាវ៉ាណា៖ រដ្ឋាភិបាលគុយបា បានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះសេចក្ដីថ្លែងការណ៍ និងការគំរាមកំហែងប្រើប្រាស់កម្លាំងយោធាពីសំណាក់សហរដ្ឋអាម៉េរិក ដោយហៅសកម្មភាពនេះថាជា«ឧក្រិដ្ឋកម្មអន្តរជាតិ» និងជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត ស្របពេលប្រទេសកោះនេះកំពុងប្រឈមមុខនឹងការបិទខ្ទប់ការនាំចូលប្រេង។

រដ្ឋមន្ត្រីការបរទេសគុយបា លោក ប្រូណូ រ៉ូទ្រីហ្គេស (Bruno Rodriguez) បានរិះគន់សហរដ្ឋអាម៉េរិកថា កំពុងព្យាយាមគំរាមកំហែងលើប្រទេសគុយបា។ លោកបានបង្ហោះសាររិះគន់លើបណ្ដាញសង្គមថា ការគំរាមកំហែងវាយប្រហារផ្នែកយោធា គឺជាទង្វើខុសច្បាប់អន្តរជាតិ ហើយទណ្ឌកម្មរបស់អាម៉េរិក ដែលមានរយៈពេលរាប់សិបឆ្នាំមកហើយនោះ គឺជាឫសគល់នៃទុក្ខលំបាកសេដ្ឋកិច្ច និងសង្គមរបស់គុយបា។

លោក ប្រូណូ រ៉ូឌ្រីហ្គេស
លោក ប្រូណូ រ៉ូឌ្រីហ្គេស

ការរិះគន់នេះកើតឡើងបន្ទាប់ពី លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសគុយបា គឺមិនអាចទទួលយកបានទេ។ លើសពីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយបែបលេងសើចក្នុងព្រឹត្តិការណ៍ឯកជនមួយថា អាម៉េរិកអាចនឹងដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្បែរឆ្នេរសមុទ្ទគុយបា ដើម្បីបង្ខំឱ្យកោះនេះចុះចាញ់។ សូមជម្រាបថា រដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធយ៉ាងខ្លាំងលើគុយបានៅឆ្នាំនេះ តាមរយៈការបញ្ឈប់ការដឹកជញ្ជូនប្រេងពីប្រទេសវ៉េណេស៊ុយអេឡា។ លើសពីនេះ អាម៉េរិកបានគំរាមដាក់ទណ្ឌកម្មលើប្រទេសណា ដែលហ៊ានផ្គត់ផ្គង់ប្រេងឱ្យគុយបាថែមទៀតផង។

លោក ម៉ាកូ រ៉ូប៊ីអូ(ឆ្វេង) និងលោក ដូណាល់ ត្រាំ
លោក ម៉ាកូ រ៉ូប៊ីអូ(ឆ្វេង) និងលោក ដូណាល់ ត្រាំ

ជុំវិញបញ្ហានេះ ប្រធានាធិបតីគុយបា លោក មីហ្គេល ឌីយ៉ាស កាណែល (Miguel Diaz-Canel) បានចាត់ទុកសម្ដីរបស់លោក ត្រាំ ថា ជាការបង្កើនជម្លោះដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមក។ លោកបានសង្កត់ធ្ងន់ថា៖«ទោះបីជាអ្នកឈ្លានពាននោះខ្លាំងពូកែប៉ុណ្ណាក៏ដោយ ក៏គុយបាមិនចុះចាញ់ដែរ»៕

លោក មីហ្គេល ឌីយ៉ាស កាណែល
លោក មីហ្គេល ឌីយ៉ាស កាណែល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត