បន្ទាប់ពីវេណេស៊ុយអេឡា និងអ៊ីរ៉ង់ គុយបាអាចជាសមរភូមិទី៣ក្នុងតម្រាសង្គ្រាមរបស់លោក ត្រាំ ដែរឬទេ...?
ហៀប ស៊ីថេត
16 ម៉ោងមុន

រដ្ឋធានីឡាហាវ៉ាន៖ លោក ដូណាល់ ត្រាំ កំពុងតែធ្វើឱ្យពិភពលោក គិតមិនយល់ ស្មានមិនត្រូវ ស្ទង់មិនឃើញអំពីជម្រៅចិត្ត និងគំនិតរបស់លោក។ ជាក់ស្តែង បន្ទាប់ពីចូលចាប់ខ្លួនមេដឹកនាំវេណេហ្សុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដល់បន្ទប់ដេក និង​​បើកសមរភូមិទ្រង់ទ្រាយធំប្រឆាំងរបបរដ្ឋធានីតេហេរ៉ង់ ឥឡូវនេះ លោក ត្រាំ កំពុងបែរមុខព្រួញតម្រង់ទៅរកប្រទេសគុយបា តាមរយៈសំឡេងគ្រហឹមព្រមានដូចផ្គរលាន់៖«ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើលើប្រទេសគុយបា!»

ដូណាល់ ត្រាំ 
ដូណាល់ ត្រាំ 

កាលពីថ្ងៃចន្ទទី១៦មីនា(ម៉ោងនៅអាម៉េរិក) ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនវោហារសាស្ត្រធ្ងន់ៗប្រឆាំងនឹងប្រទេសគុយបា ដោយលើកឡើងថា លោករំពឹងនឹងមានកិត្តិយសក្នុងការគ្រប់គ្រងគុយបា តាមរូបភាពណាមួយ ហើយលោកអាចធ្វើអ្វីៗគ្រប់យ៉ាងដែលលោកចង់បាន ចំពោះប្រទេសជិតខាងមួយនេះ។ សេចក្តីថ្លែងការណ៍បង្កប់ដោយខ្លឹមសារគំរាមកំហែង កើតឡើងស្របពេលគុយបា និងសហរដ្ឋអាម៉េរិក បើកកិច្ចចរចាក្នុងគោលបំណងកែលម្អទំនាក់ទំនងដ៏អាក្រក់រវាងប្រទេសទាំង២។ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំជឿជាក់ថា ខ្ញុំនឹង..មានកិត្តិយសក្នុងការគ្រប់គ្រងគុយបា។ នោះហើយជាកិត្តិយសដ៏ធំធេង។ ការគ្រប់គ្រងគុយបាតាមរូបភាពណាមួយ»។ លោក ត្រាំ បន្តថា៖«ខ្ញុំចង់មានន័យថា! មិនថាខ្ញុំដោះលែង ឬគ្រប់គ្រងវា។ ខ្ញុំគិតថា ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាង ដែលខ្ញុំចង់បាន! តើអ្នកចង់ដឹងការពិតទេ? យើងកំពុងចរចាជាមួយគុយបា ប៉ុន្តែយើងនឹងដោះស្រាយរឿងអ៊ីរ៉ង់ឱ្យចប់មុនគុយបា» នេះជាសម្តីរបស់ ត្រាំ នៅលើស្តេចយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី១៦ ខែមីនា។

លោក នីកូឡាស់ ម៉ាឌូរ៉ូ 
លោក នីកូឡាស់ ម៉ាឌូរ៉ូ 

បន្ទាប់ពី ត្រាំ ថ្លែងរួច កាសែតអាម៉េរិកដ៏ល្បីមួយ គឺ New York Times បានរាយការណ៍ថា ការដកតំណែងប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស-កាណែល (Miguel Diaz-Canel) ចេញពីតំណែង គឺជាគោលដៅចម្បងរបស់អាម៉េរិក នៅក្នុងកិច្ចចរចាទ្វេភាគី។ យោងតាមប្រភពជិតស្និទ្ធនឹងកិច្ចចរចា កាសែតអាម៉េរិកដដែលនេះបានរាយការណ៍ថា ភាគីអាម៉េរិកបានផ្ដល់សញ្ញាទៅកាន់អ្នកចរចាគុយបា ថា លោក ឌីអាស-កាណែល ត្រូវតែដើរចេញពីតំណែង ប៉ុន្តែយ៉ាងណា លោក ត្រាំ ក៏បានទុកជំហានបន្ទាប់ឱ្យជនជាតិគុយបាជាអ្នកសម្រេច។ ជាប្រពៃណី គុយបាតែងតែទាត់ចោលរាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយចាត់ទុកសំណើណាមួយក្នុងរូបភាពផ្តួលរំលំរបបដឹកនាំរដ្ឋធានីឡាហាវ៉ានបែបនេះ គឺជាចំណុចបញ្ចប់នៃកិច្ចព្រមព្រៀងរវាងអាម៉េរិក-គុយបា។

លោក មីហ្គែល ឌីអាស-កាណែល 
លោក មីហ្គែល ឌីអាស-កាណែល 

មានវ័យ៦៥ឆ្នាំ លោក ឌីអាស-កាណែល បានបន្តតំណែងពីលោក ហ្វីឌែល កាស្ត្រូ ក្នុងឆ្នាំ២០១៨។ កន្លងទៅ មេដឹកនាំគុយបារូបនេះ បានលើកឡើងថា លោករំពឹងថា កិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក នឹងប្រព្រឹត្តទៅក្រោមគោលការណ៍សមភាព និងការគោរពប្រព័ន្ធនយោបាយនៃប្រទេសទាំង២ អធិបតេយ្យភាព និងការសម្រេចចិត្តដោយខ្លួនឯង។ យ៉ាងណា បន្ទាប់ពីបានកម្ចាត់ លោក ម៉ាឌូរ៉ូ ចេញពីអំណាច និងបានចូលដៃចូលជើងជាមួយអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ លោក ត្រាំ បានបង្ហើបដោយចំហថា គុយបានឹងក្លាយជាគោលដៅបន្ទាប់។ មែនទែនទៅ ចៅហ្វាយសេតវិមានរូបនេះ បានបង្កើនសម្ពាធតាមរយៈការបញ្ឈប់រាល់ការដឹកជញ្ជូនប្រេងពីវេណេហ្ស៊ុយអេឡា ទៅកាន់គុយបា និងគំរាមដាក់ពន្ធលើប្រទេសណាដែលលក់ប្រេងឱ្យគុយបា។ ជាលទ្ធផល គុយបា បានបញ្ជាក់ទាំងកម្សត់ថា ខ្លួនមិនបានទទួលការដឹកជញ្ជូនប្រេងក្នុងរយៈពេល ៣ខែមកហើយ ហើយប្រទេសនេះ បានដាក់ចេញនូវវិធានការរឹតត្បិតថាមពលយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យមានការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ និងបានធ្វើឱ្យសេដ្ឋកិច្ចភាគច្រើននៃប្រទេសនេះ ត្រូវបានជាប់គាំង ខណៈប្រជាជនចំនួន១០លាននាក់មិនមានអគ្គិសនីប្រើប្រាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត