ចិនប្តេជ្ញាជួយគុយបាឱ្យអស់ពីសមត្ថភាព ដើម្បីតតាំងនឹងសម្ពាធផ្ដាច់ផ្ដិលរបស់លោក ត្រាំ
N
Nary Vann
28 មករា 2026 02:40 AM

រដ្ឋធានីប៉េកាំង៖ ប្រទេសចិនបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៧ខែមករាថា ខ្លួននឹងផ្តល់ការគាំទ្រ លើជំនួយគ្រប់យ៉ាងដល់ប្រទេសគុយបា ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីសហរដ្ឋអាម៉េរិក។ ការប្ដេជ្ញាចិត្តនេះ កើតឡើងបន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោនកម្ចាត់លោក នីកូឡាស ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់គុយបា ក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាលពីប៉ុន្មានសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជៀគុណ (Guo Jiakun) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិកលើគុយបា។ លោកបានសង្កត់ធ្ងន់ថា រដ្ឋធានីប៉េកាំងនឹងបន្តផ្តល់ជំនួយតាមដែលអាចធ្វើទៅបានដល់គុយបា ហើយបានអំពាវនាវឱ្យវ៉ាស៊ីនតោនបញ្ឈប់ការបំផ្លាញសន្តិភាពក្នុងតំបន់ ក៏ដូចជាដកទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើកោះសង្គមនិយមមួយនេះ ជាច្រើនទសវត្សរ៍មកហើយចេញជាបន្ទាន់។ លោកបានលើកឡើងថា៖«ប្រទេសចិនសូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសគុយបា។ យើងសូមជំរុញឱ្យសហរដ្ឋអាម៉េរិក បញ្ឈប់ការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ជាបន្ទាន់»។ លោកបន្ថែមថា៖«ចិននឹងបន្តផ្ដល់ជូនប្រទេសគុយបានូវរាល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើទៅបាន ដើម្បីជួយឱ្យពួកគេឆ្លងផុតពីស្ថានភាពដ៏លំបាកនេះ»

លោក Guo Jiakun
លោក Guo Jiakun

ភាពតានតឹងបានឈានដល់ចំណុចខ្ពស់បំផុតក្នុងខែនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា របបដឹកនាំនៅគុយបាជិតដល់ថ្ងៃដួលរលំហើយ។ លោក ត្រាំ បានដាក់ឱសានវាទឱ្យរដ្ឋធានីហាវ៉ាន់ណា (Havana) យល់ព្រមតាមលក្ខខណ្ឌរបស់អាម៉េរិក បើមិនដូច្នោះទេ នឹងត្រូវប្រឈមវាសនាដូចលោក ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៣ខែមករា។ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Politico រដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើការប្រើប្រាស់កងទ័ពជើងទឹក ដើម្បីបិទខ្ទប់រាល់ការនាំចូលប្រេងទាំងអស់ចូលទៅកាន់គុយបា ក្នុងគោលបំណងកាត់ផ្ដាច់ប្រភពថាមពលដែលជាដង្ហើមសេដ្ឋកិច្ចរបស់របបនេះ។ ជាការឆ្លើយតប ប្រធានាធិបតីគុយបា លោក មីហ្គែល ដាយ-កានែល (Miguel Diaz-Canel) កាលពីថ្ងៃសៅរ៍កន្លងទៅ បានចុះត្រួតពិនិត្យការធ្វើសមយុទ្ធយោធាដោយផ្ទាល់ ដែលលោកចាត់ទុកថា ជាវិធានការទប់ស្កាត់រាល់ការឈ្លានពានណាមួយដែលអាចកើតមានពីសំណាក់សហរដ្ឋអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត