
រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ទី២៩មករា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពន្ធថ្មីលើប្រទេសទាំងហ្លាយណា ដែលហ៊ានផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ខណៈរដ្ឋធានីវ៉ាស៊ីនតោន កំពុងបង្កើនសម្ពាធប្រឆាំងកោះ ដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ដមួយនេះ។ នេះបើតាមការចុះផ្សាយដោយកាសែតអ៊ីស្រាអែល The Jerusalem Post នៅថ្ងៃសុក្រទី៣០ ខែមករា។

យ៉ាងណា ជុំវិញសេចក្តីប្រកាសរបស់ ត្រាំ គេមិនទាន់ដឹងថា មានអត្រាពន្ធប៉ុន្មានទេ..? ហើយថា តើប្រទេសណាខ្លះនឹងត្រូវគំនាបពន្ធរបស់អាម៉េរិកនោះ? ក៏មិនទាន់បានបញ្ជាក់ដែរ។ បន្ទាប់ពីសេចក្តីប្រកាសរបស់លោក ត្រាំ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសគុយបា ឆ្លើយតបភ្លាមៗ និងព្រមានថា ការដាក់គំនាបនេះ បានគម្រាមកំហែងដល់ការផលិតអគ្គិសនី ផលិតកម្មកសិកម្ម ការផ្គត់ផ្គង់ទឹក និងសេវាសុខភាពនៅលើកោះមួយនេះ ដែលកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនរួចទៅហើយ។ «ជីវិតនៅគ្រប់មជ្ឈដ្ឋាននឹងត្រូវថប់ដង្ហើម ដោយសាររដ្ឋាភិបាលអាម៉េរិក» នេះគឺជាការបញ្ជាក់ចំៗ ដោយរដ្ឋាភិបាលគុយបានៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សូមជម្រាបថា បន្ទាប់ពីប្រើប្រាស់កម្លាំងយោធាដ៏ស្រួចស្រាវវាយប្រហារលើរដ្ឋធានីការ៉ាកាស និងចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅហ្នឹងកន្លែង លោក ត្រាំ បានអះអាងម្ដងហើយម្ដងទៀត អំពីសកម្មភាពប្រឆាំងនឹងគុយបា និងដាក់សម្ពាធលើរបបផ្តាច់ការរបស់ប្រទេសកោះនេះ។ ជាក់ស្តែង លោក ត្រាំ បានបន្លឺសំឡេងនៅក្នុងសប្តាហ៍នេះថា៖«គុយបា នឹងបរាជ័យក្នុងពេលឆាប់ៗនេះ ព្រោះថា វ៉េណេហ្ស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់កោះមួយនេះ ថ្មីៗ..មិនបានបញ្ជូនប្រេង ឬលុយទៅប្រទេសគុយបាទេ»។ ជាចុងក្រោយ ប្រធានាធិបតីគុយបា លោក មីហ្គែល ដាយអាស ខាណែល (Mr.Miguel Diaz-Canel) បានប្រតិកម្មថា រដ្ឋធានីវ៉ាស៊ីនតោន គ្មានសិទ្ធិអំណាចអ្វីដើម្បីបង្ខំកិច្ចព្រមព្រៀងលើគុយបានោះឡើយ...៕




