
រដ្ឋធានីឡាហាវ៉ាន៖ អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក កាឡូស ហ្វឺណាន់ដេស ដឺ កូស៊ីអូ (Carlos Fernandez de Cossio) បានថ្លែងថា ប្រទេសគុយបាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពណាមួយ ចំពោះការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលកាន់កាប់ប្រទេសកោះមួយនេះ។ នេះបើតាមការចុះផ្សាយដោយកាសែតរ៉យទ័រនាថ្ងៃអាទិត្យទី២២ ខែមីនា។

គុយបា និងអាម៉េរិក បានឈានចូលដល់កិច្ចចរចាកាលពីដើមខែកុម្ភៈនេះ ខណៈការបិទខ្ទប់ដង្ហើមប្រេងឥន្ធនៈ ដោយលោក ត្រាំ កំពុងរុញច្រានប្រទេសកុម្មុយនីស្ដគុយបា ឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងរណ្តៅនៃវិបត្តិថាមពល និងសេដ្ឋកិច្ច។ កន្លងទៅ លោក ត្រាំ បានបង្កើនវោហារសាស្រ្តវាយប្រហារជារឿយៗលើគុយបា ដោយអះអាងថា លោកពិតជាចង់ទទួលបានកិត្តិយសក្នុងការកាន់កាប់ប្រទេសគុយបាណាស់។ យ៉ាងណា នៅក្នុងកម្មវិធី «Meet the Press» របស់ទូរទស្សន៍ NBC ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី២២ ខែមីនា លោក ដឺ កូស៊ីអូ បានលើកឡើងថា៖«តាមប្រវត្តិសាស្ត្រ ប្រទេសរបស់យើងតែងតែត្រៀមខ្លួនជាស្រេចក្នុងការកៀរគរកម្លាំងយោធាទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការឈ្លានពានផ្នែកយោធា... យើងជឿថា វានឹងមិនកើតឡើងនោះទេ ប៉ុន្តែវានឹងក្លាយជាភាពឆោតល្ងង់បំផុត ប្រសិនបើយើងមិនបានត្រៀមខ្លួនទុកជាមុន។ យើងមិនឃើញមូលហេតុអ្វីដែលត្រូវឱ្យសង្គ្រាមកើតឡើងនោះទេ ហើយយើងក៏មិនឃើញមានភាពស្របច្បាប់ណាមួយឡើយ»។

របាយការណ៍កន្លងមកបានបង្ហាញថា រដ្ឋបាលលោក ត្រាំ កំពុងស្វែងរកវិធីដើម្បីទម្លាក់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស-កាណែល (Miguel Diaz-Canel) ចេញពីអំណាច។ ជុំវិញបញ្ហានេះ លោក ដឺ កូស៊ីអូ ក៏បានបញ្ជាក់ផងដែរថា រាល់ការលើកឡើងថា រចនាសម្ព័ន្ធ ឬសមាជិករដ្ឋាភិបាលគុយបា អាចក្លាយជាប្រធានបទនៃកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក គឺមិនពិតឡើយ។ លោកបានបន្ថែមថា ការផ្លាស់ប្ដូររបបដឹកនាំ ដាច់ខាតមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិកនោះទេ។ ការប្រកាសក្តែងៗបែបនេះ កើតឡើងក្រោយគុយបា មើលឃើញនឹងភ្នែកពីប្រតិបត្តិការយោធាដ៏ព្រឺព្រួចរបស់អាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងរបបដឹកនាំអ៊ីរ៉ង់ ខណៈការចូលទៅចាប់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដោយកងកម្លាំងពិសេសអាម៉េរិក បានធ្វើឱ្យគុយបាបាត់បង់ខ្នងបង្អែកសេដ្ឋកិច្ច និងប្រេងឥន្ធនៈដ៏សំខាន់បំផុត។ សំណួរសួរថា តើគុយបាអាចទ្រាំទ្របានយូរប៉ុនណា ក្នុងស្ថានភាពដែលគ្មានប្រេងពីវ៉េណេស៊ុយអេឡា និងគ្មានជំនួយយោធាពីចិន និងរុស្ស៊ី?៕





