
រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសម្រេចកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនជាផ្លូវការ ដើម្បីកំណត់ដែនដីរបស់ខ្លួនថា ជាប្រទេសដាច់ដោយឡែកពីកូរ៉េខាងត្បូង និងបានលុបចោលរាល់ខ្លឹមសារដែលនិយាយពីការបង្រួបបង្រួមជាតិ។

យោងតាមខ្លឹមសារដែលត្រូវបានបង្ហាញនៅពីថ្ងៃទី៦ ខែឧសភានេះ ការផ្លាស់ប្ដូរនេះ គឺជាការអនុវត្តតាមមហិច្ឆតារបស់មេដឹកនាំ លោក គីម ជុងអ៊ុន ដែលចង់ចាត់ទុកកូរ៉េទាំងពីរជាប្រទេសសត្រូវនឹងគ្នាជារៀងរហូត។ នៅក្នុងមាត្រាថ្មី កូរ៉េខាងជើងបានបញ្ជាក់ថា ដែនដីរបស់ខ្លួនជាប់ព្រំប្រទល់ជាមួយចិន និងរុស្ស៊ីនៅភាគខាងជើង និងជាប់ជាមួយកូរ៉េខាងត្បូងនៅភាគខាងត្បូង ដែលនេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលប្រទេសនេះ ដាក់បញ្ចូលខណ្ឌសីមាដែនដីក្នុងច្បាប់កំពូលរបស់ខ្លួន។

ចំណុចដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រដ្ឋធម្មនុញ្ញថ្មីបានចែងយ៉ាងច្បាស់ថា អំណាចបញ្ជាលើកងកម្លាំងនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅក្រោមបង្គាប់ផ្ទាល់របស់ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ ពោលគឺលោក គីម ជុងអ៊ុន។ ជាមួយគ្នានេះ កូរ៉េខាងជើង ក៏បានប្រកាសខ្លួនឯងថាជា «រដ្ឋអាវុធនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវ» និងប្តេជ្ញាបន្តអភិវឌ្ឍអាវុធមហាវិទ្ធំសនានេះ ដើម្បីការពារការរស់រានមានជីវិតរបស់ប្រទេសជាតិ និងដើម្បីទប់ស្កាត់សង្រ្គាម។ ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានបញ្ជាក់ច្បាស់ពីទីតាំងពិតប្រាកដនៃខ្សែបន្ទាត់ព្រំដែនជាមួយកូរ៉េខាងត្បូងឡើយ ដែលអ្នកជំនាញយល់ថា ជាការចៀសវាងការប៉ះទង្គិចគ្នាភ្លាមៗ ខណៈដែលស្ថានភាពកំពុងតានតឹង។

ការកែប្រែច្បាប់នេះ បានធ្វើឱ្យក្ដីសង្ឃឹមនៃការផ្សះផ្សារវាងកូរ៉េទាំងពីរ កាន់តែរលាយឆ្ងាយទៅៗ ខណៈដែលរដ្ឋធានីព្យុងយ៉ាងបានច្រានចោលរាល់ការសុំចរចាសន្តិភាពពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae Myung)។ ការណ៍ដែលលោក គីម ជុងអ៊ុន បង្កប់នយោបាយ «ប្រទេសសត្រូវពីរ» ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបែបនេះ គឺជាសញ្ញាព្រមានថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាយូរអង្វែង និងលែងមានបំណងចង់ចងមិត្តភាពជាមួយបងប្អូនខាងត្បូងរបស់ខ្លួនទៀតហើយ៕



