
មជ្ឈិមបូព៌ា៖ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ បន្ទាប់ពីបារាំង ជាមហាអំណាចអឺរ៉ុប បានសម្រេចចិត្តបញ្ជូននាវាផ្ទុកយន្តហោះខ្នាតយក្ស Charles de Gaulle (ឆាល ដឺ ហ្កូល) ឆ្ពោះទៅកាន់សមុទ្ទក្រហម កាលពីថ្ងៃពុធទី៧ ខែឧសភា។ ការចល័តទ័ពជើងទឹកនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈការពារច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតមួយ។

បារាំង និងអង់គ្លេស កំពុងរៀបចំសំណើមួយដើម្បីសម្របសម្រួលរវាងអាម៉េរិក និងអ៊ីរ៉ង់។ លក្ខខណ្ឌ គឺដាក់សម្ពាធឱ្យអ៊ីរ៉ង់បើកផ្លូវនាវាឆ្លងកាត់ច្រកសមុទ្ទបានដោយសេរី ជាថ្នូរនឹងការព្រមចូលតុចរចាលើបញ្ហានុយក្លេអ៊ែ និងមីស៊ីល។ ចំណែកអាម៉េរិកវិញ ត្រូវដកការបិទខ្ទប់ផ្លូវទឹកចេញវិញ។ សូមជម្រាបថា ការវាយប្រហារគ្នាទៅវិញទៅមក និងការបិទច្រកសមុទ្ទហ័រមូស្ស បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់ក្បែរ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអឺរ៉ុប និងពិភពលោកទាំងមូល។

ក្រៅពីនាវាបារាំង ក៏មាននាវាចម្បាំងមកពី អ៊ីតាលី និងហូឡង់ ចូលរួមក្នុងបេសកកម្មនេះដែរ ដើម្បីបង្ហាញថា អឺរ៉ុបមិនមែនគ្រាន់តែឈរមើលនោះទេ តែពួកគេមានសមត្ថភាពការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា។ មែនទែនទៅ ការបញ្ជូនទ័ពជើងនេះ ក៏ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការរិះគន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកន្លងមកតែងតែស្ដីបន្ទោសថា អឺរ៉ុបមិនសូវសហការក្នុងយុទ្ធនាការដាក់សម្ពាធលើអ៊ីរ៉ង់៕



