អាម៉េរិក-អ៊ីរ៉ង់ បើកឆាកប្រយុទ្ធគ្នាសាជាថ្មីកណ្ដាលច្រកហ័រមូស្ស ខណៈបទឈប់បាញ់រង្គោះរង្គើ
N
Nary Vann
05 ឧសភា 2026 09:30 AM

មជ្ឈិមបូព៌ា៖ ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា បានត្រឡប់ទៅរកភាពតានតឹងខ្លាំងវិញហើយ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បើកការវាយប្រហារឌឺដងដាក់គ្នាទាំងពាក្យសម្តី ប្រើមីស៊ីល និងដ្រូន ដើម្បីដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក...។

ការផ្ទុះអាវុធឡើងវិញនេះ បានធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយកាលពីខែមុនស្ទើរតែរលាយសូន្យ ខណៈមហាអំណាចទាំងពីរព្យាយាមបិទផ្លូវនាវាពាណិជ្ជកម្មរបស់ភាគីម្ខាងទៀត។ ជម្លោះថ្មីនេះ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ចេញនូវប្រតិបត្តិការ «Project Freedom» ដើម្បីនាំផ្លូវនាវាដឹកប្រេងដែលកំពុងជាប់គាំងឱ្យឆ្លងកាត់ច្រកសមុទ្ទនេះ។ លោក ត្រាំ បានអះអាងតាមបណ្ដាញសង្គមថា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានបាញ់កម្ទេចទូកចម្បាំងតូចៗរបស់អ៊ីរ៉ង់ចំនួន៧គ្រឿង ដោយលោកឌឺដងថា អ៊ីរ៉ង់នៅសល់តែប៉ុណ្ណឹងទេ។ ទោះជាយ៉ាងណា សកម្មភាពនេះហាក់ដូចជាកំពុងផ្ដល់ផលអវិជ្ជមានទៅវិញ ដោយវាបានញ៉ាំងឱ្យអ៊ីរ៉ង់បាញ់មីស៊ីលវាយបកទៅលើកំពង់ផែប្រេងក្នុងប្រទេសអារ៉ាប់រួម រហូតបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

នៅក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះ នាវាពាណិជ្ជកម្មមួយចំនួនបានរាយការណ៍ពីការផ្ទុះ និងការឆាបឆេះ ដែលក្នុងនោះរួមមាន នាវាដឹកទំនិញរបស់កូរ៉េខាងត្បូង និងនាវាដឹកប្រេងរបស់ក្រុមហ៊ុនអារ៉ាប់រួមផងដែរ។ ទោះបីជាមានការប្រយុទ្ធគ្នាក៏ដោយ កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ពួកគេបានជួយនាំផ្លូវនាវាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកមួយគ្រឿងឱ្យចាកចេញពីតំបន់គ្រោះថ្នាក់ដោយសុវត្ថិភាព។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរិះគន់ថា គម្រោងរបស់លោក ត្រាំ គឺជាការដើរចូលផ្លូវទាល់ច្រក និងបានព្រមានថាគ្មានដំណោះស្រាយយោធាណាអាចបញ្ចប់វិបត្តិនេះបានឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនដឹកជញ្ជូនធំៗលើពិភពលោកបានសម្រេចចិត្តផ្អាកដំណើរការឆ្លងកាត់ច្រកសមុទ្ទនេះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំមើលស្ថានភាពឱ្យច្បាស់លាស់ ខណៈតម្លៃធានារ៉ាប់រងនាវាបានហក់ឡើងខ្ពស់កប់ពពក ដែលនេះអាចនឹងរុញច្រានឱ្យតម្លៃថាមពលពិភពលោកបន្តឡើងថ្លៃកាន់តែខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត