កូរ៉េខាងត្បូង ចង់ស៊ើបអង្កេតករណីឆេះនាវានៅហ័រមូស្ស តែ ត្រាំ ថាជាស្នាដៃអ៊ីរ៉ង់
ហៀប ស៊ីថេត
05 ឧសភា 2026 02:00 PM

រដ្ឋធានីសេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី៥ ខែឧសភានេះថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុនៃការផ្ទុះ និងឆេះនាវាដឹកទំនិញមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុនកូរ៉េខាងត្បូងនៅតំបន់ច្រកសមុទ្ទហ័រមូស្ស ខណៈប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា នេះជាការវាយប្រហាររបស់យោធាអ៊ីរ៉ង់។

នាវារងគ្រោះមានឈ្មោះ HMM Namu គឺជាប្រភេទនាវាដឹកទំនិញទូទៅមានទម្ងន់៣៥០០០តោន បង្ហូតទង់ជាតិប៉ាណាម៉ា និងប្រតិបត្តិការដោយក្រុមហ៊ុនកូរ៉េខាងត្បូង។ ហេតុការណ៍ផ្ទុះបានកើតឡើងកាលពីថ្ងៃចន្ទទី៤ ខែឧសភា ខណៈដែលនាវាកំពុងបោះយុថ្កា ដោយមិនមានផ្ទុកទំនិញទេ។ យ៉ាងណា មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ ទន្ទឹមនឹងនាវិកទាំង២៤នាក់នៅមានសុវត្ថិភាពលើនាវា។ ក្រោយមក នាវាត្រូវបានអូសទៅកាន់កំពង់ផែដែលនៅជិតបំផុត ដើម្បីវាយតម្លៃការខូចខាត និងធ្វើការជួសជុល។

ក្រសួងមហាសមុទ្ទ និងជលផលកូរ៉េខាងត្បូង បានណែនាំឱ្យនាវារបស់ខ្លួនទាំងអស់នៅក្នុងតំបន់នោះ ផ្លាស់ទីទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ បច្ចុប្បន្ន មាននាវាទង់ជាតិកូរ៉េខាងត្បូងចំនួន២៦គ្រឿង កំពុងជាប់គាំងនៅជុំវិញច្រកសមុទ្ទហ័រមូស្ស។ ជាមួយគ្នា លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់បានបាញ់ប្រហារលើនាវានេះ និងគោលដៅផ្សេងទៀត ក្នុងពេលដែលសហរដ្ឋអាម៉េរិកកំពុងបើកប្រតិបត្តិការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លើសពីនេះ លោកបានបន្ថែមថា វាដល់ពេលដែលកូរ៉េខាងត្បូងគួរចូលរួមក្នុងសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាម៉េរិក ដើម្បីការពារនាវាដឹកជញ្ជូននៅក្នុងផ្លូវទឹក ដែលជាដង្ហើមប្រេង១ភាគ៥ នៃពិភពលោក។ ទាក់ទងនឹងសំណើរបស់លោក ត្រាំ ក្នុងការបញ្ជូនកងទ័ពជើងទឹកចូលរួមសម្ព័ន្ធភាព រដ្ឋាភិបាលកូរ៉េខាងត្បូងបានឆ្លើយតបយ៉ាងប្រយ័ត្នប្រយែងថា ខ្លួននឹងពិចារណាឱ្យបានច្បាស់លាស់ ព្រោះការសម្រេចចិត្តនេះ ត្រូវឆ្លងកាត់ការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ (ឬ សភា) ជាមុនសិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត