
រដ្ឋធានីម៉ានីល៖ ស្របពេលចិនកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងពាសពេញផ្ទៃសមុទ្ទចិនខាងត្បូង ពេលនេះ ជប៉ុន ចេញមុខពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយហ្វីលីពីន ក្នុងគោលដៅពន្លឿនការផ្ទេរនាវាចម្បាំងប្រភេទអាប៊ូគូម៉ា(Abukuma) ទៅកាន់ប្រទេសដែនកោះមួយនេះ ដើម្បីទប់ទល់នឹងមហិច្ឆតាវាទីនិយមរបស់ចិន។ នេះមិនមែនជាការលក់ដូរយកប្រាក់ចំណេញឡើយ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រចែកអាវុធគ្នាប្រើ ដើម្បីទប់ទល់សត្រូវរួម។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអុីហ្ស៊ូមី (Shinjiro Koizumi) បានបញ្ជាក់ពីការផ្ទេរនាវាចម្បាំងប្រភេទអាប៊ូគូម៉ា និងយន្តហោះស៊ើបការណ៍ឱ្យទៅហ្វីលីពីនក្នុងពេលឆាប់ៗ។ ជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូឌូរ៉ូ (Gilberto Teodoro) បានទម្លាយថា នាវាចម្បាំងទាំងនេះ គឺជាការដូរឥតគិតថ្លៃ មិនមែនជាការលក់ដូរនោះឡើយ។ មែនទែនទៅ ការសម្រេចចិត្តរបស់ជប៉ុនក្នុងការហុចអាវុធឱ្យហ្វីលីពីនដោយមិនគិតថ្លៃបែបនេះ ធ្វើឡើងបន្ទាប់ពីរាជធានីតូក្យូ បានកែប្រែច្បាប់នាំចេញអាវុធ ដែលជាចំណងចងរាប់ទសវត្សរ៍របស់ខ្លួន។

សូមជម្រាបថា ប្រទេសកោះនៅអាស៊ីទាំង២បានខិតជិតគ្នាកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារមានជម្លោះទឹកដីជាមួយចិនដូចគ្នា។ ក្រៅពីនាវាចម្បាំង ជប៉ុនក៏គ្រោងផ្ទេរយន្តហោះ TC-90 និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀត ព្រមទាំងចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យកងទ័ពប្រទេសទាំង២ អាចដាក់ពង្រាយលើទឹកដីគ្នាទៅវិញទៅមកបានទៀតផង។ ថ្មីៗនេះ ជប៉ុនបានបញ្ជូនកងទ័ព១៤០០នាក់ទៅចូលរួមសមយុទ្ធបាលីកាតាន់ (Balikatan) ជាលើកដំបូងក្នុងប្រទេសហ្វីលីពីនផងដែរ។ ការណ៌នេះធ្វើឱ្យរដ្ឋធានីប៉េកាំងក្ដៅស្លឹកត្រចៀក និងព្រមានខ្លាំងៗថា ជប៉ុនកំពុងដើរឆ្ពោះទៅរកលទ្ធិយោធានិយម ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខតំបន់៕




