ប្រជាជនហ្វីលីពីនជាង៣០០គ្រួសារនាំគ្នារត់ភៀសខ្លួន​ ក្រោយភ្នំភ្លើងបញ្ចេញផេះគ្របដណ្ដប់ជាង៨០ភូមិ
N
Nary Vann
04 ឧសភា 2026 03:18 PM

រដ្ឋធានីម៉ានីល៖ អាជ្ញាធរហ្វីលីពីនបានប្រកាសនៅពីថ្ងៃទី៥ ខែឧសភាថា ប្រជាពលរដ្ឋជាង៣០០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីភ្នំភ្លើង Mayon បានបញ្ចេញពពកផេះដ៏ក្រាស់ឃ្មឹកគ្របដណ្ដប់លើភូមិចំនួន៨៧ ក្នុងក្រុងចំនួន៣ កាលពីចុងសប្តាហ៍កន្លងទៅ។

បាតុភូតនេះ កើតឡើងដោយសារការបាក់ស្រុតនៃកម្អែលភ្នំភ្លើងដែលកកកុញនៅលើជម្រាលភ្នំ រួចរំកិលចុះមកក្រោមយ៉ាងលឿន បង្កជាកម្ដៅ កម្ទេចថ្ម ផ្សែង និងហ្គាសពុល។ ទោះបីជាមិនមែនជាការផ្ទុះជះកម្អែលខ្លាំងក្លាក៏ដោយ ប៉ុន្តែផ្សែងផេះដ៏ក្រាស់បានធ្វើឱ្យអ្នកបើកបរមិនអាចមើលឃើញផ្លូវ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ។ អភិបាលក្រុងកាម៉ាលីក Camalig ដែលស្ថិតនៅក្បែរជើងភ្នំភ្លើង បានបញ្ជាក់ថា ផេះបានធ្លាក់មកក្រាស់ខ្លាំងរហូតដល់មើលអ្វីមិនឃើញទាល់តែសោះនៅលើផ្លូវជាតិ។ គ្រោះធម្មជាតិនេះមិនបានបណ្ដាលឱ្យមនុស្សស្លាប់ឬរងរបួសឡើយ ប៉ុន្តែបានធ្វើឱ្យខូចខាតចម្ការបន្លែ និងងាប់សត្វពាហនៈមួយចំនួន ដូចជាក្របី និងគោជាដើម។

បច្ចុប្បន្ន ភ្នំភ្លើង Mayon ដែលមានកម្ពស់២៤៦២ម៉ែត្រ និងជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងទាំង២៤ របស់ហ្វីលីពីន នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្នទី៣ (ក្នុងចំណោម៥កម្រិត)។ អ្នកជំនាញបានព្រមានថា ទោះបីជាស្ថានភាពហាក់ស្ងប់ស្ងាត់វិញនៅថ្ងៃចន្ទនេះក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នៅតែអាចកើតមានឡើងគ្រប់ពេល។ អាជ្ញាធរកំពុងបន្តការសម្អាតផេះចេញពីលំនៅឋាន និងតាមដានស្ថានភាពភ្នំភ្លើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមលក្ខណៈក្នុងករណីមានការផ្ទុះខ្លាំងក្លាណាមួយកើតឡើងជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត