អាម៉េរិកដកប្រព័ន្ធមីស៊ីល Typhon ចេញពីស្រោម បា.ញ់គ្រហឹមពេញមេឃហ្វីលីពីន បង្អើលដំណេកនាគរាជចិន
ហៀប ស៊ីថេត
06 ឧសភា 2026 11:30 AM

សមុទ្ទចិនខាងត្បូង៖ បន្ទាប់ពីសម្ងំលាក់ទុកជិត២ឆ្នាំ ទីបំផុតសហរដ្ឋអាម៉េរិក សម្រេចបកកេះ ដកប្រព័ន្ធមីស៊ីល Typhon ចេញពីស្រោម បាញ់គ្រហឹមពេញផ្ទៃមេឃប្រទេសហ្វីលីពីន ផ្អើលនាគរាជចិន ក្នុងលំហាត់សឹកយោធា «ស្មាទល់ស្មា ឬសមយុទ្ធ Balikatan»។ ការបាញ់សាកល្បងនេះ មិនមែនជារឿងធម្មតានោះទេ ប៉ុន្តែជាចុតហ្មាយព្រមានទៅដល់នាគរាជចិន យ៉ាងច្បាស់ថា មីស៊ីលថូម៉ាហក (Tomahawk) នេះមានសមត្ថភាពហោះចេញពីបំពង់នៃប្រព័ន្ធមីស៊ីល Typhon ហោះឆ្ពោះសំដៅទៅដល់ដីគោកចិន បានយ៉ាងងាយដូចបកចេក។

សូមជម្រាបថា ប្រព័ន្ធមីស៊ីល Typhon ជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ​បានធ្វើដំណើរជាង១៣០០០គីឡូម៉ែត្រ ឆ្លងមហាសមុទ្ទ និងទ្វីបជាច្រើន មុនមកឈេជើងនៅកោះលូហ្ស៊ុន (Luzon) ប្រទេសហ្វីលីពីន។ កន្លងមក សហរដ្ឋអាម៉េរិកគ្រាន់តែហ្វឹកហាត់លើកចុះលើកឡើងបង្អួតភ្នែកគេឯងតែប៉ុណ្ណោះ ប៉ុន្តែលើកនេះ ពួកគេហ៊ានចុចប៊ូតុងបាញ់គ្រាប់ពិតក្នុងលំហាត់សឹកយោធា។ ការបញ្ចេញមហិទ្ធិឫទ្ធិលើកនេះ បានធ្វើឱ្យរដ្ឋធានីប៉េកាំងអង្គុយមិនស្ងៀម និងចេញមុខជំទាស់យ៉ាងខ្លាំងក្លា។

ការបាញ់សាកល្បងប្រព័ន្ធមីស៊ីល Typhon លើកនេះ គឺជាការផ្ញើសារព្រមានចំៗទៅកាន់ចិនថា សហរដ្ឋអាម៉េរិកមិនមែនគ្រាន់តែទៅដេកយាមសមុទ្ទចិនខាងត្បូង ពិសេសប្រទេសហ្វីលីពីននោះទេ ប៉ុន្តែវាគឺជាការគូសបន្ទាត់ក្រហមព្រមានចិន រឿងទាមទារស្ទើរទាំងស្រុងនៃសមុទ្ទចិនខាងត្បូង និងមហិច្ឆតាដណ្តើមយកកូនកោះតៃវ៉ាន់ ទៅចូលក្រោលបក្សកុម្មុយនីស្ដចិនវិញ។ ​គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពសហរដ្ឋអាម៉េរិក និងហ្វីលីពីន កំពុងបន្តពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរបស់ពួកគេ តាមរយៈលំហាត់សឹកប្រចាំឆ្នាំ ដែលមានឈ្មោះថា Balikatan ដោយបាននិងកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ទាំងទំហំយោធា វិសាលភាព និងភាពចម្រុះនៃប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត