
រដ្ឋធានីញ៉ូវដេលី៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមេសានេះថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីញ៉ូវដេលី មកជួបជាបន្ទាន់ ដើម្បីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារលើនាវាដោតទង់ជាតិឥណ្ឌាចំនួន២គ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស កាលពីថ្ងៃទី១៨ ខែមេសាម្សិលមិញ....។

ប្រភពពីរដ្ឋាភិបាលឥណ្ឌាបានកំណត់អត្តសញ្ញាណនាវាមួយគ្រឿងដែលរងគ្រោះថា មានឈ្មោះ Sanmar Herald។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា ក្រុមនាវិក និងនាវាទាំងមូលបានរួចផុតពីគ្រោះថ្នាក់ និងមានសុវត្ថិភាព។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា មន្ត្រីការទូតជាន់ខ្ពស់របស់ឥណ្ឌា បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នាំយកសារព្រមាន និងទស្សនៈរបស់ឥណ្ឌាទៅជម្រាបជូនអាជ្ញាធររដ្ឋធានីតេហេរ៉ង់ឱ្យបានឆាប់បំផុត។

ជាមួយគ្នានោះ ឥណ្ឌាក៏បានទាមទារឱ្យអ៊ីរ៉ង់បន្តសម្របសម្រួលជាបន្ទាន់នូវដំណើរនាវាចរណ៍ដែលឆ្ពោះមកកាន់ប្រទេសឥណ្ឌា ឆ្លងកាត់ច្រកសមុទ្ទយុទ្ធសាស្ត្រមួយនេះឡើងវិញ ដើម្បីជៀសវាងការរំខានដល់សន្តិសុខថាមពល។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានសន្យាថា នឹងបញ្ជូនសារតវ៉ារបស់ឥណ្ឌាទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួន។ ហេតុការណ៍នេះបានធ្វើឱ្យឥណ្ឌាដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី ធ្លាក់ចូលទៅក្នុងវិវាទដោយប្រយោលនៃសង្រ្គាមមជ្ឈិមបូព៌ា ខណៈដែលខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងតាមរយៈច្រកសមុទ្ទហ័រមូស្ស៕



