កម្រណាស់! ក្លិបបាល់ទាត់កូរ៉េខាងជើង ត្រៀមទៅប្រកួតនៅកូរ៉េខាងត្បូង
ហៀប ស៊ីថេត
មួយខែមុន

រដ្ឋធានីសេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទទី៤ ខែឧសភាថា ក្លិបបាល់ទាត់នារីកូរ៉េខាងជើង នឹងក្លាយជាក្រុមដំបូងគេបង្អស់មកពីប្រទេសផ្តាច់ការកូរ៉េខាងជើង ដែលនឹងប្រកួតនៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៨មក...។

តាមពិតទៅ ប្រទេសកូរ៉េទាំង២ នៅតែស្ថិតក្នុងស្ថានភាពតានតឹង បន្ទាប់ពីជម្លោះឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់ ពោលគឺមិនមែនសន្ធិសញ្ញាសន្តិភាពឡើយ។ ហេតុនេះហើយ ទើបការផ្លាស់ប្ដូរវិស័យកីឡា និងវប្បធម៌រវាងបងប្អូនរួមផ្ទៃទាំង២នេះ គឺជារឿងដែលកម្រកើតមានបំផុត។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានអះអាងថា អាជ្ញាធរកូរ៉េខាងជើង បានផ្ញើការជូនដំណឹងអំពីប្រតិភូចំនួន៣៩នាក់(កីឡាការិនី ២៧នាក់ និងបុគ្គលិកក្លិប១២នាក់) មកពីក្លិបបាល់ទាត់នារីណេហ្កោហ៍យ៉ាង (Naegohyang Women's FC) ដែលនឹងត្រូវប្រកួតជាមួយក្លិបបាល់ទាត់នារី​ស៊ូវ៉ុន​អេហ្វស៊ី (Suwon FC Women) របស់កូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែឧសភា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

អ្នកឈ្នះនៃការប្រកួតនេះ នឹងត្រូវលេងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតក្លិបបាល់ទាត់នារីលំដាប់កំពូលរបស់ទ្វីបអាស៊ី នៅថ្ងៃទី២៣ ខែឧសភា ជាមួយក្រុមម៉ែលប៊នស៊ីធី (Melbourne City) របស់អូស្ត្រាលី ឬក្រុមតូក្យូ វើឌី បេឡេហ្សា (Tokyo Verdy Beleza) របស់ជប៉ុន។ គួរបញ្ជាក់ថា ក្រុមជម្រើសជាតិរបស់កូរ៉េខាងជើង គឺជាក្រុមដ៏មានឥទ្ធិពលមួយនៅក្នុងវិស័យបាល់ទាត់ផ្នែកនារីនៅអាស៊ី ដោយបានឈ្នះពានរង្វាន់អន្តរជាតិជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅកម្រិតយុវជន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត