ផ្ទុះវីរុសកម្រវាយប្រហារនាវាទេសចរណ៍នៅមហាសមុទ្ទអាត្លង់ទិច ស.ម្លា.ប់មនុស្សអស់៣នាក់
N
Nary Vann
04 ឧសភា 2026 12:00 PM

អង្គការសុខភាពពិភពលោក៖ វិបត្តិសុខភាពសាធារណៈដ៏រន្ធត់មួយ បានផ្ទុះឡើងនៅលើនាវាទេសចរណ៍តំបន់ប៉ូល MV Hondius ខណៈកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្ទអាត្លង់ទិច បន្ទាប់ពីមេរោគដ៏កម្រម្យ៉ាងឈ្មោះថា Hantavirus បានសម្លាប់ភ្ញៀវទេសចរចំនួន៣នាក់ និងធ្វើឱ្យមនុស្ស៣នាក់ទៀតធ្លាក់ខ្លួនឈឺធ្ងន់។

អង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីថ្ងៃទី៣ ខែឧសភាថា ក្នុងចំណោមអ្នករងគ្រោះទាំង៦នាក់ មានម្នាក់ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគនេះតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ខណៈ៥នាក់ទៀតស្ថិតក្នុងករណីសង្ស័យកម្រិតខ្ពស់។ នាវាដែលមានផ្ទុកភ្ញៀវទេសចរប្រមាណ១៥០នាក់នេះ បានចាកចេញពីប្រទេសអាហ្សង់ទីនកាលពី៣សប្តាហ៍មុន ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេស Cape Verde។ ជនរងគ្រោះដំបូងគេ គឺជាបុរសវ័យ៧០ឆ្នាំម្នាក់ ដែលបានស្លាប់នៅលើនាវា រីឯភរិយារបស់លោកវ័យ៦៩ឆ្នាំ ក៏បានធ្លាក់ខ្លួនឈឺ និងបានស្លាប់ក្រោយពេលជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកឯអ្នកស្លាប់ទី៣ ត្រូវបានគេរាយការណ៍ថា នៅតែស្ថិតលើនាវានៅឡើយ ខណៈអ្នកជំងឺម្នាក់ទៀតដែលជាជនជាតិអង់គ្លេស កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។

វីរុស Hantavirus នេះ ជាធម្មតាឆ្លងតាមរយៈការប៉ះពាល់ជាមួយទឹកនោម ឬលាមកសត្វកកេរដូចជាកណ្ដុរ ហើយវាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងររហូតដល់ស្លាប់។ ទោះបីជាករណីឆ្លងពីមនុស្សទៅមនុស្សមានកម្រិតកម្រក៏ដោយ ប៉ុន្តែអង្គការសុខភាពពិភពលោក បានព្រមានថា វានៅតែអាចកើតមានឡើង ដែលធ្វើឱ្យស្ថានភាពនៅលើនាវាទេសចរណ៍ដែលមានមនុស្សកកកុញកាន់តែគួរឱ្យព្រួយបារម្ភ។ បច្ចុប្បន្ន នាវា MV Hondius កំពុងស្ថិតនៅក្បែរកំពង់ផែនៃប្រទេស Cape Verde ខណៈអង្គការសុខភាពពិភពលោកកំពុងសម្របសម្រួលជាមួយអាជ្ញាធរជាតិ ដើម្បីជម្លៀសអ្នកជំងឺដែលនៅសេសសល់ និងដាក់ឱ្យនៅដាច់ដោយឡែក។ រហូតមកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការវីរុសនេះនៅឡើយទេ ប៉ុន្តែការទទួលបានការព្យាបាលទាន់ពេលវេលាអាចជួយបង្កើនឱកាសរស់រានមានជីវិត។ អ្នកជំនាញកំពុងធ្វើការវិភាគហ្សែននៃវីរុសនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីយល់ដឹងពីប្រភពនៃការផ្ទុះឡើង និងទប់ស្កាត់កុំឱ្យវារីករាលដាលកាន់តែខ្លាំងនៅក្នុងចំណោមភ្ញៀវទេសចរ និងបុគ្គលិកនាវាដែលនៅសេសសល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត