អង្គការសហប្រជាជាតិ បង្កើតក្រុមការងារចំពោះកិច្ចគាំទ្រកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច​។ នេះបើតាមការបញ្ជាក់របស់លោកស្រី រ៉ាបាប ហ្វាទីម៉ា (Rabab Fatima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍតិចតួច…។

ក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកស្រី រ៉ាបាប ហ្វាទីម៉ា អះអាងបន្ថែមថា អង្គការសហប្រជាជាតិ ក៏បានបង្កើតក្រុមការងារចំពោះកិច្ច​ ដើម្បីជួយគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជាផងដែរ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់ សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច តាមរយៈការវាយតម្លៃចំនួនពីរលើកកន្លងមក ហើយពេលនេះ កម្ពុជាស្ថិតក្នុងដំណើរផ្លូវដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩។ លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី រ៉ាបាប ហ្វាទីម៉ា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដល់ការកសាង ស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ហើយសម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស, ការដាក់ចេញការកែទម្រង់វិស័យអប់រំ, សុខាភិបាល, និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត