
ទីក្រុងស្តុកខុម៖ យោងតាមរបាយការណ៍ចុងក្រោយពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) ការចំណាយលើវិស័យយោធាសកល បានបន្តកើនឡើង ២,៩ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសម្រេចបាននូវទឹកប្រាក់ដ៏មហិមាចំនួន២,៨៩ទ្រីលានដុល្លារអាម៉េរិក...។

នេះគឺជាការកើនឡើងក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ធ្វើឱ្យកញ្ចប់ថវិកាយោធាស្មើនឹង ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពិភពលោក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០០៩មក។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងរបាយការណ៍នេះ គឺការធ្លាក់ចុះ៧,៥ភាគរយ នៃការចំណាយយោធារបស់សហរដ្ឋអាម៉េរិកមកនៅត្រឹម៩៥៤ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ កើតឡើងដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់ការផ្ដល់ជំនួយយោធាហិរញ្ញវត្ថុថ្មីៗដល់ប្រទេសអ៊ុយក្រែន ដែលកាលពី៣ឆ្នាំមុន សហរដ្ឋអាម៉េរិក ធ្លាប់បានចំណាយរហូតដល់១២៧ពាន់លានដុល្លារ សម្រាប់គោលដៅនេះ។ ទោះជាយ៉ាងណា SIPRI ព្យាករថា ការធ្លាក់ចុះនេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះកញ្ចប់ថវិកាដែលសភាសហរដ្ឋអាម៉េរិកអនុម័តសម្រាប់ឆ្នាំ២០២៦ បានហក់ឡើងដល់ជាង ១ទ្រីលានដុល្លារទៅហើយ ហើយអាចនឹងឡើងដល់១,៥ទ្រីលានដុល្លារនៅឆ្នាំ២០២៧។

ក្បាលម៉ាស៊ីនដ៏សំខាន់ដែលរុញច្រានចំណាយយោធាសកលឱ្យកើនឡើងខ្លាំង គឺ ទ្វីបអឺរ៉ុប ដែលមានកំណើនរហូតដល់១៤ភាគរយ ដោយសារបណ្ដាប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនការត្រៀមលក្ខណៈការពារជាតិ ចំពេលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៤។ សហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី នៅតែជាមហាអំណាចចំណាយច្រើនជាងគេបំផុត ដោយក្ដោបក្ដាប់ទឹកប្រាក់ជាងពាក់កណ្ដាល (៥១ភាគរយ) នៃការចំណាយយោធាសរុបលើពិភពលោក។ ផ្ទុយទៅវិញ នៅតំបន់មជ្ឈិមបូព៌ា ចំណាយយោធារបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាធ្លាក់ចុះក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការថយចុះកម្ដៅនៃជម្លោះក្នុងតំបន់មួយចំនួន។ ប៉ុន្តែជារួម ពិភពលោកនៅតែបន្តប្រណាំងប្រជែងគ្នាខាងសព្វាវុធយ៉ាងខ្លាំងក្លា ដែលនិន្នាការនេះ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ និងឆ្នាំបន្ទាប់៕




