ត្រាំ ប្រកាសប្រតិបត្តិការរំដោះនាវាចេញពីច្រកហ័រមូស្ស ខណៈអ៊ីរ៉ង់ចោទថា ជាការបំផ្លាញកិច្ចព្រមព្រៀងសន្តិភាព
N
Nary Vann
04 ឧសភា 2026 09:10 AM

មជ្ឈិមបូព៌ា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៣ ខែឧសភា នូវផែនការយោធាទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា «Project Freedom» ដើម្បីអមដំណើរនាវាដឹកជញ្ជូនដែលកំពុងជាប់គាំងឱ្យចេញពីច្រកសមុទ្ទហ័រមូស្ស ចាប់ពីថ្ងៃចន្ទទី០៤ឧសភានេះតទៅ។

លោក ត្រាំ ចាត់ទុកប្រតិបត្តិការនេះថាជាអំពើមនុស្សធម៌ ដើម្បីជួយសង្គ្រោះនាវិក និងនាវាដឹកទំនិញរាប់រយគ្រឿងដែលកំពុងខ្វះខាតស្បៀងអាហារ និងសម្ភារចាំបាច់ ដោយសារការបិទខ្ទប់ផ្លូវទឹកដ៏សំខាន់មួយនេះ។ ភ្លាមៗក្រោយការប្រកាសនេះ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះជាង១ដុល្លារក្នុងមួយបារ៉ែល ដោយប្រេង Brent ធ្លាក់ចុះមកត្រឹម ១០៦,៣៤ដុល្លារ។ ទោះជាយ៉ាងណា រដ្ឋធានីតេហេរ៉ង់ បានចេញមុខព្រមានយ៉ាងធ្ងន់ៗភ្លាមៗចំពោះសកម្មភាពនេះ។ លោក អ៊ីប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi) ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភានៃប្រទេសអ៊ីរ៉ង់ បានបង្ហោះលើបណ្តាញសង្គម X ថា រាល់ការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាម៉េរិក ចូលក្នុងផ្លូវទឹកនៅច្រកសមុទ្ទហ័រមូស្ស នឹងត្រូវចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសអ៊ីរ៉ង់បង្ហើបថា ខ្លួនបានដាក់ចេញនូវផែនការសន្តិភាព ១៤ចំណុច ដើម្បីបញ្ចប់សង្រ្គាម ហើយរដ្ឋធានីវ៉ាស៊ីនតោន ក៏បានឆ្លើយតបវិញតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ដែលលោក ត្រាំ ចាត់ទុកថា ជាការពិភាក្សាដ៏មានវិជ្ជមាន។ យោងតាមបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាម៉េរិក (CENTCOM) ប្រតិបត្តិការ Project Freedom នឹងត្រូវអនុវត្តដោយប្រើប្រាស់កម្លាំងយោធាយ៉ាងសន្ធឹកសន្ធាប់រួមមាន៖ នាវាពិឃាតបាញ់មីស៊ីល យន្តហោះចម្បាំងជាង១០០គ្រឿង យន្តហោះគ្មានមនុស្សបើក និងកងទ័ពចំនួន ១៥ ០០០នាក់។ បើតាមទិន្នន័យពីក្រុមហ៊ុន AXSMarine គិតត្រឹមថ្ងៃទី២៩ ខែមេសា មាននាវាពាណិជ្ជកម្មជាង៩០០គ្រឿង កំពុងជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្ទ ដែលនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ប្រសិនបើច្រកផ្លូវទឹកនេះមិនត្រូវបានបើកឡើងវិញដោយសុវត្ថិភាពនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត