
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២ ខែឧសភាថា លោកបានជ្រាបអំពីគោលការណ៍គ្រឹះនៃសំណើកិច្ចព្រមព្រៀងថ្មីពីសំណាក់ប្រទេសអ៊ីរ៉ង់ហើយ ប៉ុន្តែលោកកំពុងរង់ចាំពិនិត្យមើលខ្លឹមសារលម្អិតនៃលាយលក្ខណ៍អក្សរជាមុនសិន ទើបសម្រេចចិត្ត។ ទោះជាយ៉ាងណា លោកបានផ្ញើសារព្រមានយ៉ាងធ្ងន់ៗថា លទ្ធភាពនៃការចាប់ផ្ដើមបើកការវាយប្រហារយោធាឡើងវិញលើអ៊ីរ៉ង់ នៅតែស្ថិតលើតុដដែល ប្រសិនបើរដ្ឋធានីតេហេរ៉ង់ប្រព្រឹត្តមិនគាប្បី ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍អាម៉េរិក។

លោក ត្រាំ បានបញ្ជាក់នៅលើបណ្ដាញសង្គមថា លោកមិនជឿថាសំណើទាំងនោះ អាចទទួលយកបានឡើយ ដោយហេតុថា អ៊ីរ៉ង់មិនទាន់បានសងការខូចខាតឱ្យបានសមស្របទៅនឹងអ្វីដែលពួកគេបានបង្កឡើងនោះទេ។ សំណើរបស់អ៊ីរ៉ង់ដែលលោក ត្រាំ កំពុងពិចារណានេះ មានគោលដៅបើកច្រកសមុទ្ទហ័រមូស្ស សម្រាប់ការដឹកជញ្ជូនឡើងវិញ និងទាមទារឱ្យសហរដ្ឋអាម៉េរិក បញ្ឈប់ការបិទខ្ទប់សេដ្ឋកិច្ចលើអ៊ីរ៉ង់ ប៉ុន្តែសំណើនេះចង់ទុកបញ្ហានុយក្លេអ៊ែរទៅជជែកគ្នានៅពេលក្រោយ ដែលនេះគឺជាចំណុចខ្វែងគំនិតគ្នាដ៏ធំជាមួយរដ្ឋធានីវ៉ាស៊ីនតោន។ នៅពេលអ្នកសារព័ត៌មានសួរដេញដោលអំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងបាយ លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា លោកមិនចង់បង្ហើបប្រាប់អ្នកសារព័ត៌មាននូវអ្វីដែលលោកនឹងត្រូវធ្វើនោះទេ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីដែលមិនល្អ នោះការវាយប្រហារនឹងអាចកើតឡើងពិតប្រាកដមែន។

ងាកទៅខាងរដ្ឋធានីតេហេរ៉ង់វិញ មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក មហាមេធ ចាហ្វា អាសាឌី (Mohammad Jafar Asadi) បានវាយបកវិញថា ការផ្ទុះអាវុធឡើងវិញរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ គឺជាជម្រើសដែលអាចកើតមានឡើងបំផុត ដោយសារតែភស្តុតាងកន្លងមកបង្ហាញថា សហរដ្ឋអាម៉េរិកមិនដែលគោរពពាក្យសន្យា ឬកិច្ចព្រមព្រៀងណាមួយឡើយ។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបបាបាឌី (Kazem Gharibabadi) បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ការសម្រេចចិត្តស្ថិតលើសហរដ្ឋអាម៉េរិក ក្នុងការជ្រើសរើសយកផ្លូវការទូត ឬផ្លូវប្រឈមមុខដាក់គ្នា ដោយលោកអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំហររបស់លោក ត្រាំ ខណៈបទឈប់បាញ់កំពុងស្ថិតក្នុងភាពផុយស្រួយ។ ការចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់ថា តើមជ្ឈិមបូព៌ានឹងឈានទៅរកសន្តិភាព ឬក៏ត្រូវធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមសាជាថ្មីម្ដងទៀត?...៕



