
រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជា ចាប់បុរសជនជាតិបង់ក្លាដែស១២នាក់ ក្នុងបុរី ប៉េងហួត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកលុយឆ្លងប្រទេសតាមប្រព័ន្ធអនឡាញ....។

ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនមនុស្ស១២នាក់ដែលសុទ្ធសឹងតែជាជនជាតិបង់ក្លាដេស ព្រមទាំងដកហូតវត្ថុតាងគ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស។

ជាមួយគ្នា សមត្ថកិច្ចជំនាញ រកឃើញថា ក្រុមជនសង្ស័យខាងលើ បានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ឱ្យបង់ប្រាក់ក្រោមរូបភាពថ្លៃសេវារដ្ឋបាល ឬការរត់ការសម្រាប់ទទួលបានប្រាក់កម្ចីក្លែងក្លាយ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕






